(ភ្នំពេញ)៖ មន្ត្រីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនពិភពថ្មី បានធ្វើការរៀបចំវគ្គអប់រំផ្សព្វផ្សាយ ស្តីពីសុវត្តិភាពម្ហូបអាហារ និង កិច្ចការការពារអ្នកប្រើប្រាស់ ជូនដល់អាជីវករ និងសិស្សានុសិស្ស នៃសាលារៀនពិភពថ្មី ដើម្បីធ្វើការចែករំលែកចំណេះដឹង ក្នុងការជ្រើសរើស និងថែរក្សាចំណីអាហារឲ្យមានសុវត្ថិភាព និងការទទួលខុសត្រូវតាមផ្លូវច្បាប់ ។
ការផ្សព្វផ្សាយនេះ មានការដឹកនាំពីលោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាពចំណីអាហារនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម រួមនិងមន្ត្រីជំនាញជាច្រើននាក់ នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨នេះ នារាជធានីភ្នំពេញ។ ការផ្សព្វផ្សាយខាងលើ ក៏ត្រូវបានចូលរួមដោយ សិស្សសាលា លោកគ្រូអ្នកគ្រូ និងតំណាងអាជីវករលក់ដូរម្ហូបអាហារ ចំនួនជាង ២០០ នាក់ផងដែរ។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានឱ្យដឹងថា៖ វគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់ នាពេលនេះធ្វើឡើងក្នុងគោលបំណង ឲ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងបរិវេន្តសាលា ឱ្យមានការយល់ដឹង នូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ចាប់តាំងពីកសិដ្ឋានដល់តុអាហារ ដែលត្រូវតែមានសុវត្ថិភាពគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ម្ហូបអាហារ រួមមានតំណាក់កាលផលិត ដឹកជញ្ជូន ចឹកចែកចាយ រក្សាទុក ចំអិន និងនៅតុបរិភោគ រួមនិងច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងបទដ្ឋានគតិយុត្តិមួយចំនួនទៀត។
ម្យ៉ាងទៀត គោលដៅពិសេសនៃការផ្សព្វផ្សាយនេះ គឺចង់អោយប្រជាជនកម្ពុជា មានការផ្លាស់ប្តូរឥរិយាបទ ក្នុងការរស់នៅរបស់ខ្លួន ចំពោះការជ្រើសរើសម្ហូបអាហារ និងយល់ដឹងពីការចំអិន រួមនិងការរក្សាម្ហូបអាហារ ទៅតាមក្បូនខ្នាត ដើម្បីធានាបានថា អាហារទាំងនោះគឺមានអនាម័យ មិនប៉ះពាល់ដល់សុខភាព។ ក្នុងនោះមន្ត្រីជំនាញក៏បានធ្វើការផ្សព្វផ្សាយចំណេះដឹងបន្ថែមផងដែរទាក់ទង និងវិទ្យាសាស្រ្តម្ហូបអាហារ ឱ្យប្រជាជនកម្ពុជា បានយល់ដឹងពីអ្វីដែលហៅថាសារធាតុគីមីក្នុងម្ហូបអាហារ គុណប្រយោជន៍និងគុណវិបត្តិរបស់វា ទោះបីវាកើតឡើងពីធម្មជាតិ ឬត្រូវបានគេដាក់បន្ថែម ដោយចេតនាឬអចេតនាក្តី។
ជាមួយគ្នានោះ លោកបានបន្តអោយដឹងពីទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ជារៀងរាល់ឆ្នាំនៅក្នុងពិភពលោក មានមនុស្សស្លាប់ដោយសារអាហារប្រមាណ ២៣ម៉ឺននាក់ ក្នុងនោះមានកុមារអាយុកក្រោម៥ឆ្នាំ ៩៦០០០នាក់ និង ៥៥០ លាននាក់ មានជម្ងឺដោយសារម្ហូបអាហារគ្មានសុវត្តិភាព ក្នុងចំណោមនោះ៧០%បណ្តាលមកពីការចម្លងមេរោគ និងបាក់តេរី ។
មន្ត្រីជំនាញបានធ្វើការណែនាំពីវិធីសាស្រ្តក្នុងការបង្ការ និងសម្លាប់បាត់តេរី ពីបន្លែ និងសាច់ ដោយមានវីធីសាស្រ្តចំនួន ៤ដូចជា ៖ ទី១ ការលាងសម្អាតដោយប្រើទឹកស្អាត និងទឹកហូរសម្រាប់លាង ទី២ ការញែក គឺជាការញែកអោយដាច់ពីគ្នារវាងបន្លែ និងសាច់ ក៏ដូចជាវត្ថុដែលប្រើប្រាស់ជាមួយបន្លែ និងសាច់ អោយបានត្រឹមត្រូវ ទី៣ ការក្លាសេ គឺត្រូវក្លាសេម្ហូបអាហារទាំងនោះ អោយបានសីតុណ្ហភាព ក្រោម៥អង្សាសេ និងទី៤ គឺការចំអិនអាហារដែរត្រូវចម្អិនអោយបានកំដៅលើសពីរ ៦០ អង្សារឡើងទៅ។
លោក ខៀវ បញ្ញាវឌ្ឍន៍ ក៏បាននាំមតិផ្តាំផ្ញើររបស់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ម៉ក់ ពេជ្ជរឹទ្ធ ដល់ប្អូនៗសិស្សានុសិស្ស អោយចៀសឆ្ងាយពីរបស់ដ៏គ្រោះថ្នាក់ ៣ យ៉ាងផងដែរ នោះគឺ៖ គ្រឿងស្រវឹង ផ្សែងបារី និងគ្រឿងញៀនផងដែរ។