(ភ្នំពេញ)៖ ដោយពិនិត្យឃើញនូវភាពចាំបាច់ នៃការជំរុញទីផ្សារផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ នៅរសៀលថ្ងៃចន្ទ ០៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបក្រុមហ៊ុន Pagoda ដើម្បីពិភាក្សាពីសក្តានុពលទីផ្សារកសិផលនៅប្រទេសចិន និងយន្តការនៃកិច្ចសហការរវាងឯកជន និងរដ្ឋនៅកម្ពុជា។
ក្នុងជំនួបនោះក្រុមហ៊ុននេះមានបំណងមកវិនិយោគលើការដាំដុះ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបំពេញនូវកំណើនតម្រូវការនាពេលខាងមុខ ហើយក្រុមហ៊ុនក៏បានស្នើដល់ក្រសួងមេត្តាគាំទ្រគម្រោងវិនិយោគរបស់ខ្លួន នៅក្រោយពេលបញ្ចប់ការរៀបចំ Master Plan រួចរាល់។
លោករដ្ឋមន្រ្តី វេង សាខុន បានមានមតិស្វាគមន៍ដល់គណប្រតិភូក្រុមហ៊ុន និងបានសម្តែងក្តីរីការាយ ដែលក្រុមហ៊ុន មានចំណាប់អារម្មណ៍មកវិនិយោគលើកសិ-ឧស្សហកម្មនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានបញ្ជាក់ប្រាក់តំណាងក្រុមហ៊ុនថា កម្ពុជាមានធនធានគ្រប់គ្រាន់ ទាំងដី ទឹក និងអាកាសធាតុដែលអំណោយផលក្នុងផលិតកម្មកសិកម្ម។ ទន្ទឹមនឹងនេះកម្ពុជាបានផលិតនូវកសិផលជាច្រើន ដែលពុំបានផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ។ ហេតុដូចនេះ កម្ពុជាទាមទារនូវក្រុមហ៊ុនបរទេសដែលមានឆន្ទះសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីផលិតនូវផលិតផលកសិកម្មប្រកបដោយគុណភាពនិងឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ មានទំនាក់ទំនងទីផ្សារច្បាស់លាស់ និងមានការយល់ដឹងខ្ពស់ពីនីតិវិធីក្នុងការនាំកសិផលទៅកាន់ទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Pagoda ជាក្រុមហ៊ុនលក់រាយនូវផ្លែឈើលំដាប់អន្តរជាតិនៅក្នុងទីផ្សារប្រទេសចិនហើយបច្ចុប្បន្នក្រុមហ៊ុនមានទីតាំងហាងចំនួន ២៧០០ហាង ដែលមានទីតាំងស្ថិតនៅ ៤០ទីក្រុង នៃខេត្តចំនួន ១៣ នៅប្រទេសចិន អាចរកចំណូលបានក្នុងឆ្នាំ២០១៧ ចំនួនប្រមាណ ១០០លានដុល្លារអាមេរិក។ ដោយមានការកើនឡើងនូវតម្រូវការផ្លែឈើក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុនបានទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុនជាង ៥០០ និងនាំចូលពីជាង ២១ប្រទេសលើពិភពលោក៕