(ខេត្តកែប)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងស្ថាប័នដទៃទៀត នៅថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ បានរួមគ្នាដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីពីរកន្លែងទៀត ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនចំការដូង និងអនុវិទ្យាល័យក្រុងកែប នៃខេត្តកែប ដោយប៉មចម្រោះទឹកស្អាតនេះ នឹងផ្តល់ទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង១,៥០០នាក់ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ។
នេះគឺជាប៉មចម្រោះទឹកស្អាតទី ៣ និងទី៤ ហើយ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ៧ ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ។
ក្រុមហ៊ុនកូកា-កូឡាបានឲ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន៤បន្ថែមទៀត នឹងត្រូវដំឡើង និងនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ទៀត។
កង្វះទឹកស្អាតប្រកបដោយសុវត្ថិភាពសម្រាប់ទទួលទាន នៅតែជាបញ្ហាចោទចំពោះប្រជាសហគមន៍បច្ចុប្បន្ន និងនៅតែស្ថិតជាវដ្ដនៃជំងឺ អនក្ខរភាព និងភាពក្រីក្រ។ បុព្វហេតុដែលបង្កឲ្យមានកង្វះខាតទឹកស្អាត រួមមានគម្លាតផ្នែកសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍ និងកំណើនតម្រូវការទឹកស្អាតដោយសារតែល្បឿននៃនគរូបនីយកម្ម និងឧស្សាហូបនី-យកម្មយ៉ាងឆាប់រហ័ស។
ក្នុងពិធីសម្ពោធ ដែលមានការចូលរួមជាភ្ញៀវកិតិ្តយសពី លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា លោក David Wigglesworth បានថ្លែងថា «ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់នៅត្រឹមតែការតំឡើងប៉មចម្រោះទឹកស្អាតថ្មី ក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយ អង្គការ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍ អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល៥ឆ្នាំ ក្រោយការដំឡើងនេះ។ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំទៅតាមកាលវិភាគកំណត់»។
លោក David Wigglesworth បានបន្ត «ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួមចំណែក ក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក»។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា មានឲ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន៧ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជាកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ បានផ្តល់ទឹកស្អាតចំនួន៤,៦៨៧,០០០លីត្រ សម្រាប់ប្រជាសហគមន៍ចំនួនប្រមាណជាង ២០,០០០នាក់ ។ តួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន៨បន្ថែមទៀតក្នុងឆ្នាំ២០១៨ នេះ ៕