(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាមួយ គ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមវិនិយោគទុន៩៩លានដុល្លារអាមេរិក ។
គម្រោងវិនិយោគនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតរួចហើយ។
ក្រុមហ៊ុនដែលបោះទុន៩៩លានដុល្លារនេះ ឈ្មោះ «YUNNAN SHENGMAO INVESTMENT (CAMBODIA) CO, LTD.» គ្រោងសាងសង់មជ្ឃមណ្ឌលពាណិជ្ជកម្ម TRIUMPH ដែលមានទីតាំងស្ថិតនៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគ៩៩លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីបានចំនួន ១.១០១កន្លែង។ នេះបើតាម Facebook Page ផ្លូវការរបស់ CDC។
សូមជម្រាបជូនថា គិតត្រឹមសប្តាហ៍ទី៣ នៃខែមេសា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញច្បាប់អនុញ្ញាតឲ្យក្រុមហ៊ុនដំណើរការនៅកម្ពុជា៤ក្រុមហ៊ុនហើយ ដោយសរុបទុនវិនិយោគ ១០៨.៥២លានដុល្លារអាមេរិក និងបង្កើតការងារថ្មីបានចំនួន ៤០៣៧កន្លែងជូនប្រជាជនកម្ពុជា៕