(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រួតពិនិត្យមើល និងដោះស្រាយ បញ្ហាកាប់ព្រៃឈើនៅលើកោះ រ៉ុង ដែលបានធ្វើឱ្យបាត់បង់សោភ័ណភាពកោះនេះយ៉ាងដំណំ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាស សម្តេចអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» (The Royal Sands Koh Rong) នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។
បុរសខ្លាំងរបស់កម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «សៅ សុខា ប្រមូលកម្លាំងដាក់ ឱ្យតាំងពីឧត្ថម្ភាគចក្រ មើលវាកាប់ពីតាមណា បានវាចុះអូសទម្លាក់ទឹក វាអារនៅក្នុងណុងហើយ ចុះទម្លាក់ទឹកយកទៅលក់នៅដីគោកឯណោះទៅទៀត អានេះត្រូវធ្វើឱ្យបានម៉តចត់ ដើម្បីរក្សាកោះកុំឱ្យកោះយើងតិចទៀតក្បាលត្រពែកដូចអស់លោក»។
ប្រតិកម្មជំរុញបែបនេះ របស់បុរសខ្លាំងកម្ពុជា បន្ទាប់ពីមានបទល្មើសកាប់បំផ្លាញព្រៃឈើ នៅលើកោះរ៉ុង ដើម្បីអាជីវកម្មយ៉ាងអាណាធិបតេយ្យ ដោយគ្មានការគ្រប់គ្រង បានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ជាហេតុនាំឱ្យកើនកម្តៅនៅលើកោះជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ប្រសិនបើមន្ត្រីជំនាញមិនគ្រប់គ្រងបញ្ហាកាប់បំផ្លាញព្រៃឈើនៅលើកោះរ៉ុង ឱ្យមានប្រសិទ្ធភាពនោះជាហេតុនាំ ឱ្យកោះទាំងមូលនៅសលតែផ្ទៃដីទទេជាមិនខាន។ ជាមួយគ្នានេះសម្តេចបានឱ្យដឹងថា ដើមឈើទាំងអស់វាមានតម្លៃខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នាដែលចង់ ឱ្យមានទេសចរណ៍បរិស្ថាន និងទេសចរណ៍ធម្មជាតិផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់កំណើនភ្ញៀវទេសចរ រដ្ឋមន្រ្តីទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា គ្រាន់តែប៉ុន្មានខែនេះ មានចំនួនភ្ញៀវទេសចរជាង១០ម៉ឺននាក់ឯណោះ។ ដោយឡែកសម្រាប់ឆ្នាំទៅមិញភ្ញៀវទេសចរណ៍មានចំនួន៤០ម៉ឺននាក់ ដែលមកទស្សនាកំសាន្តនៅជុំវិញកោះរ៉ុង និងកោះរ៉ុងសន្លឹម អញ្ចឹងទេព្រៃឈើជាផ្នែកមួយដែលបានចូលរួមទាញយកវិស័យទេសចរណ៍ ឱ្យបានល្អប្រសើរផងដែរ។
ជាមួយគ្នានេះសម្តេចតេជោ បានផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីពាក់ព័ន្ធត្រូវព្យាយាមធ្វើយ៉ាងណារក្សាតំបន់ឆ្នេរឱ្យបានល្អបន្ថែមទៀត ហើយត្រូវទាក់ទាញការវិនិយោគ ប៉ុន្តែការវិនិយោគណាក៏ដោយត្រូវតែមានប្លង់ឱ្យបានច្បាស់ និងត្រូវកំណត់គោលការណ៍ ទាក់ទិនទៅនឹងកម្ពស់នៃសំណង់ មិនមែនមានន័យថា យើងអភិរក្សនិយមហួសហេតុពេកទេ ក៏ប៉ុន្តែយើងត្រូវមើលស្ថានភាពជាក់ស្តែងឱ្យបានច្បាស់៕