(កណ្តាល)៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ហាងរំចង់ នៅក្រុងតាខ្មៅ ដែលត្រូវគេរាយការណ៍ថា ធ្លាប់លក់សាច់សត្វព្រៃនោះ បានបិទទ្វារហាងតាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ មិនបានដំណើរការទៀតឡើយ។
មន្រ្តីសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះថា «តាមពិតទៅហាងនេះ ម្ចាស់ហាងបានបិទទ្វារ និងបានបិទស្លាកនៅលើទ្វារអំពីការផ្អាករួចទៅហើយ តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ មិនបានបើកទៀតទេ»។
សេចក្តីជូនដំណឹង ដែលបានបិទនៅលើទ្វារហាង បានសរសេរថា «ហាងរំចង់យើងខ្ញុំ សូមជូនដំណឹងដល់អតិថិជនទាំងអស់ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ តទៅ ហាងរំចង់យើងខ្ញុំ នឹងបិទឈប់លក់ជារៀងរហូត»។
ម្ចាស់ហាងមួយនេះ ក៏បានបញ្ជាក់ផងដែរថា ដោយសារតែពុំសូវមានភ្ញៀវចូលហូបនោះ នាំឲ្យហាងគ្មានថវិកាគ្រប់គ្រាន់ ដើម្បីផ្តត់ផ្គង់ដល់បុគ្គលិកទើបសម្រេចបិទទ្វារតែម្តង មិនដំណើរការទៀតនោះឡើយ។
ម្ចាស់ហាងរូបនេះ ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក លឹម សុគន្ថា អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចុះបង្ក្រាបកាលពីប៉ុន្មានឆ្នាំមុននោះ លោកបានបង់ថ្លៃផាកពិន័យតាមផ្លូវច្បាប់ត្រឹមត្រូវអស់ហើយ ហើយក្រោយមកលោកបានបង្វែមកលក់សាច់សត្វស្រុកធម្មតា តែអាជីវកម្មមួយមិនកាក់កបក៏សម្រេចបិទហាងតែម្ដង៕