(ពោធិ៍សាត់)៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច ខណៈដល់កន្លែងកើតហេតុមានសត្វគោមួយហ្វូងបានដើរឆ្លងកាត់ផ្លូវធ្វើឲ្យរថយន្តនោះចាប់ហ្រ្វាំងមិនទាន់ ក៏បានជ្រុលទៅបុកសត្វគោទាំងនោះ រួចក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងស្រែ ជ្រុលចូលទៅបុកផ្ទះប្រជាពលរដ្ឋ ហើយបណ្តាលឲ្យក្មេងប្រុសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦១- ១៦២ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើយោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AS 7457 បើកបរដោយឈ្មោះ យៀន សុខយឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកហ្វូងសត្វគោ ដែលកំពុងដើរឆ្លងថ្នល់ពីជើងទៅត្បូង រួចក៏បាន រេចង្កូតធ្លាក់ស្រែជ្រុលចូលផ្ទះប្រជាពលរដ្ឋបុកក្មេងប្រុសម្នាក់ទៀត ទើបរថយន្តអស់ល្បឿន។
របាយការណ៍ដដែលបានបន្តថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ន ទុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ រីឯកូនប្រុសរងរបួសធ្ងន់ឈ្មោះ ម៉ៅ ម៉េងរ័ត្ន អាយុ ២ឆ្នាំកន្លះ ហើយផ្ទះរបស់ជនរងគ្រោះដែលត្រូវបានរថយន្តបុកចូលនោះត្រូវបានខូតខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។
បន្ទាប់ពីកើតហេតុភ្លាមៗ ក្មេងប្រុសរងរបួសធ្ងន់នោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក វត្ថុតាងរថយន្តនោះ ត្រូវបានជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៃច្បាប់៕
ឮ