(ព្រះសីហនុ)៖ ជុំវិញវិវាទរវាងក្រុមហ៊ុនចិន រំលោភដីរបស់ប្រជាពលរដ្ឋ នៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមរយៈមេធាវីរបស់ខ្លួន ម្ចាស់ដីពិតប្រាកដ បានចេញសេចក្ដីថ្លែងការណ៍ ដើម្បីបង្ហាញពីប្រវត្តិដីនេះ ជូនស្ថាប័នតុលាការ និងសាធារណជន ឲ្យបានជ្រាបកាន់តែច្បាស់។
តាមសេចក្ដីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ម្ចាស់ដីពិតប្រាកដឈ្មោះ រស់ សុវណ្ណវាសនា តាមរយៈមេធាវីឈ្មោះ ចាន់ សុភា បានបញ្ជាក់ថា ដីដែលស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កូនក្ដីរបស់ខ្លួនបានទិញនៅឆ្នាំ២០០៩ ហើយក៏មានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ផងដែរ រហូតដល់អភិបាលស្រុកត្រឹមត្រូវតាមច្បាប់ ព្រមទាំងមានការចុះវាស់វែង ចេញជាគំនូសបង្ហាញទីតាំងដី មានកំណត់ហេតុ ស្ដីពីការអនុវត្តសាលក្រមចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩។
មេធាវី ចាន់ សុភា បានបន្ថែមថា ក្រោយមកនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ មានជនជាតិចិនឈ្មោះ ឡៅ ជូ, ឡៅ តា ព្រមទាំងគូកនបានយកគ្រឿងចក្រ មកឈូសឆាយដី និងរបងរបស់កូនក្ដីខ្លួន ព្រមទាំងជីកដីទាំងអស់ជាច្រើន បណ្ដាលឲ្យខូចខាត ផលដំណាំរបស់កូនក្ដីខ្លួនទាំងស្រុង។
បើតាមមេធាវីរូបនេះ កូនក្ដីរបស់លោកឈ្មោះ រស់ សុវណ្ណវាសនា ក្លាយជាម្ចាស់កម្មសិទ្ធិ តាមរយៈលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីលេខ ១៧៩/០៩ ឃបត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៩ ពីឈ្មោះ សុខ ចាន់ណារិទ្ធិ និងមានគំនូសបង្ហាញទីតាំងដីទំនាស់ ដោយមានអាជ្ញាធរមូលដ្ឋាន ដឹងឮផងដែរ។
ប៉ុន្ដែបន្ទាប់ពីក្រុមហ៊ុនចិន មកឈូសឆាដីនៅតំបន់ខាងលើ កូនក្ដីរបស់លោកបានដាក់ពាក្យបណ្ដឹង ទៅស្ថាប័នតុលាការ ហើយត្រូវបានតុលាការ ដំណើរការរឿងក្ដីនេះជាបន្ដបន្ទាប់ រហូតត្រូវបានសាលាឧទ្ធរណ៍ចេញដីកា សម្រេចរក្សាការពារ ដោយហាមឃាត់មិនឲ្យក្រុមហ៊ុនចិន បន្តឈូសឆាយដីតទៅទៀត ដែលព្រះរាជអាជ្ញារង លឹម ប៊ុនហេង បានដឹកនាំអនុវត្តដីការក្សាការពារលើដីវិវាទនេះ និងមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាមូលដ្ឋានជាច្រើននាក់ផងដែរ។
សូមជម្រាបថា ក្រោយពីមានដីការក្សាការពារ របស់សាលាឧទ្ធរណ៍នេះ ក្រុមហ៊ុនចិនមិនបានគោរពតាមនោះទេ ពោលសន្តិសុខរបស់ក្រុមហ៊ុនចិន បានទៅដកបង្គោលព្រំដីដែលមានវិវាទនោះ ហើយពលរដ្ឋដែលមានទំនាស់ដីខាងលើនេះ សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយអន្ដរាគមន៍លើបញ្ហានេះផង ដោយសារតែក្រុមជនជាតិចិនទាំងនោះ មិនបានគោរពទៅតាមគោលការណ៍ កំណត់របស់សាលាឧទ្ធរណ៍។
ក្នុងដីកាសាលាឧទ្ធរណ៍ ដែលសម្រេចនេះបានបន្ថែមថា ជាគោលការណ៍ក្នុងការសម្រេចរក្សាការពារ គឺត្រូវការពារនូវផលប្រយោជន៍របស់គូភាគី និងត្រូវរក្សានូវស្ថានភាពដើម នៃវត្ថុទំនាស់ឲ្យនៅដដែល ដូច្នេះដើម្បីការពារផលប្រយោជន៍របស់គូភាគីផង និងដើម្បីរក្សានូវស្ថានភាពដើម មុនពេលមានទំនាស់ឲ្យនៅដដែល និងដើម្បីមានភាពងាយស្រួលក្នុងការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរនេះ គប្បីហាមឃាត់មិនឲ្យធ្វើការឈួសឆាយដី ដឹកដីចាស់ សាងសង់សំណង់ ផ្ទេរ លក់ ជួល បញ្ចាំ ដាក់ធានា ឬធ្វើអំណោយដល់អ្នកដទៃនូវដីទំនាស់នេះ ជាបណ្ដោះអាសន្នសិន។
ជុំវិញបញ្ហាទំនាស់ដីធ្លីនេះ បណ្តាញព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនងខាងក្រុមហ៊ុនចិន ដែលមាន ឈ្មោះ ឡៅ ជូ និង ឡៅ តា បាននៅឡើយនោះទេនៅរសៀលថ្ងៃទី២៣ ខែមេសានេះ៕
ខាងក្រោមនេះ ជាប្រវត្តិរឿងដែលរៀបរាប់ដោយម្ចាស់ដីពិតប្រាកដ ក្នុងសេចក្ដីថ្លែងការណ៍ ដែលមានខ្លឹមសារទាំងស្រុង៖