(ព្រះសីហនុ)៖ ចេញពីតំបន់កោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីជូនប្រជាពលរដ្ឋ នៅតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះ។
ក្នុងពិធីសម្ពោធឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅលើកោះរ៉ុងនេះ មានចំនួន៥៨៤ក្បាលដី តែក្នុងនោះមានអ្នកខ្លះ មិនបានរស់នៅលើកោះរ៉ុងនេះទេ តែបានមកចាប់ដី ដោយមានឃុបឃិតគ្នានៅក្រោយឆ្នាំ២០០៨។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានព្រមានមន្រ្តីមានអំណាចមួយចំនួន ដែលនៅពីក្រោយខ្នងប្រជាពលរដ្ឋ លើបញ្ហាទំនាស់ដីធ្លីនៅលើកោះរ៉ុង ហើយសម្ដេចបានបញ្ជាឲ្យរកមុនមន្ដ្រីទាំងនោះ ហើយកំណត់ឲ្យចាញ់ក្ដីរឿងដីធ្លីនេះជាមួយប្រជាពលរដ្ឋតែម្ដង ដើម្បីបញ្ចប់បញ្ហាដែលនៅសេសសល់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចនេះខ្ញុំសូមឲ្យមានដំណោះស្រាយមួយសមស្រប សម្រាប់ការដោះស្រាយប្រជាជន នៅលើកោះដែលមាន ៥៨៤ក្បាលដី ឥឡូវត្រូវបព្រួញវាកុំឲ្យប្រជាពលរដ្ឋរង់ចាំ។ ឯកឧត្តម ជា សុផារ៉ា ត្រូវពិនិត្យថាក្នុង៥៨៤ក្បាលដីនេះ អ្នកណាដែលគ្មានការពាក់ព័ន្ធគឺយើងចេញទៅ (ប័ណ្ណកម្មសិទ្ធិ) ដើម្បីកាត់បន្ថយចំនួនវាឲ្យនៅកាន់តែតិច ហើយអ្នកដែលតិចដោះស្រាយមិនបាន យើងត្រូវយកដីផ្សេងជូនពួកគាត់ ដែលនេះជាដំណោះស្រាយឈ្នះឈ្នះ សម្រាប់ប្រជាពលរដ្ឋរបស់យើងអាចរស់នៅលើកោះនេះបាន»។
សូមជម្រាបថា ពាក់ព័ន្ធបញ្ហាដីធ្លីនេះ នាពេលកន្លងទៅ ប្រជាពលរដ្ឋនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឲ្យលោកឲ្យនាំយកនូវបញ្ហារបស់ពួកគាត់រឿងអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិដីធ្លី ដែលរស់នៅរាប់សិបឆ្នាំ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ប្រជាពលរដ្ឋបានផ្តល់ឯកសារ នៃការកាន់កាប់ដីរបស់ខ្លួន ដែលទទួលស្គាល់ពីអាជ្ញាធរ ទុកជូនលោកបណ្ឌិត ធ្វើការស្រាវជ្រាវផងដែរ ហើយដោយមិនអាចគេចវេស ចេញពីមុខប្រជាពលរដ្ឋបាន លោកបណ្ឌិត សុខ ទូច ក៏បានសម្រេចទទួលយកឯកសាររបស់ប្រជាពលរដ្ឋទាំងនោះ ដើម្បីធ្វើការស្រាវជ្រាវ និងរាយការណ៍ជូនថ្នាក់ដឹកនាំសម្រេច៕