(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៨ បន្ទាប់ពីទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួចមក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ បានដឹកនាំមន្រ្តីជំនាញ អង្គភាពមន្ទីរពាក់ពន្ធ័ ចុះត្រួតពិនិត្យ ទីតាំងផលិត ទឹកម្ទេស ទឹកសៀង និងប្រេងខ្យង ដែលបង្កការប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋក្នុងក្រុមទី ៧ ភូមិឬស្សី ៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រហូតបិទជាបណ្តោះអាសន្នតែម្តង។
លោក ឌី រ័ត្នខេមរុណ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ទីតាំងផលិតទឹកម្ទេស ទឹកសៀង និងប្រេងខ្យង ដែលកន្លងមកគណៈកម្មការចម្រុះ រួមទាំងមន្រ្តីជំនាញ បានចុះត្រួតពិនិត្យ លើផលប៉ះពាល់ តាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៧ ម្តងរួចមកហើយ ដោយទុករយៈពេល៦០ថ្ងៃ ក្នុងការរុះរើ និងប្តូរទីតាំងថ្មី ក្រោយមន្រ្តីជំនាញ និងបច្ចេកទេសបានរកឃើញផលប៉ះពាល់ មាន៦ចំណុច ដូចខាងក្រោម៖
ទី១៖ ចំហាយទឹកម្ទេស ចេញពីឡតិ៍ចំហុយ បង្កជាក្លិន ឈួលខ្លាំង ស្ទើរទ្រាំពុំបានដល់អ្នករស់នៅជិតខាង រហូតកន្លងមកធ្លាប់ មានអ្នកឈឺជាបន្តបន្ទាប់ ព្រោះតែសុខភាពខ្សោយ មិនអាចទ្រាំទ្រក្លិនឈួលនេះបាន
ទី២៖ អំរែងភ្លើងហ៊ុយចេញពីឡតិ៍ចំហុយ ហុយចូលផ្ទះបងប្អូនប្រជាពលរដ្ឋ
ទី៣៖ សម្លេងរ៊ឺម៉កម៉ូតូដឹកអីវ៉ាន់ ពុំមានស៊ីមាំងត្រឹមត្រូវ
ទី៤៖ កម្មករដាក់ឥវ៉ាន់ពេលយប់ មានសំលេងរំខានស្រែកឡូឡាដល់អ្នកជិតខាង
ទី៥៖ មិនមានស្តង់ដាផលិតតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ
ទី៦៖ យានយន្តចតដឹកផលិតផល ចតលើផ្លូវបង្កការស្ទះចរាចរណ៍។
បើតាមលោកអភិបាលរងខណ្ឌ បន្ទាប់ពីត្រួតពិនិត្យរួចមក ក្រុមការងារ និងមន្រ្តីជំនាញ បានទទួលការដឹកនាំផ្ទាល់ពីលោក ពេជ្រ កែវមុនី តម្រូវឲ្យបិទអាជីវកម្ម ផលិតទឹកម្ទេស ទឹកសៀង មិនឲ្យប្រកបអាជីវកម្មទៅពេលខាងមុខ ទៀតត្រឹមថ្ងៃសុក្រទី២៧ ខែមេសា ឆ្នាំ២០១៨ ជាស្ថាពរតែម្តង។
ដោយឡែក ម្ចាស់អាជីវកម្ម ឈ្មោះ សេង រដ្ឋា បានឯកភាពបិទ និងរុះរើ មិនឲ្យហួសពីថ្ងៃសុក្រ តាមការស្នើសុំរបស់អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញរបស់មន្ទីរពាក់ព័ន្ធឡើយ៕