(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ ឈ្មោះ ឈិន ចាន់ថុល មានមុខងារជាអគ្គនាយកក្រុមហ៊ុន «យិន ត្រាង» ដែលជាប់ពាក់ព័ន្ធសំណុំរឿងទទួលផលចោរកម្ម ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានផ្តល់ឲ្យអ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការលោក ជួន សុជាតិ នៅរសៀលថ្ងៃនេះ។
ជនត្រូវចោទមានឈ្មោះ ឈិន ចាន់ថុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ អគ្គនាយកក្រុមហ៊ុន យិន ត្រាង ឌីវេឡុបម៉ិន មានអាស័យដ្ឋានផ្ទះលេខ៨០៦ ផ្លូវNTZ ក្រុមទី០៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិក្បាលជួរ ឃុំសំបុក ក្រុងក្រចេះ ខេត្តក្រចេះ ។
សូមបញ្ជាក់ថា អគ្គនាយកក្រុមហ៊ុន «យិន ត្រាង ឌីវេឡប់ម៉ិន» ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ដោយជាប់ពាក់ព័ន្ធករណីបោករថយន្ដរាប់សិបគ្រឿង នៅរាជធានីភ្នំពេញ ខណៈដែលបក្ខពួក២នាក់ផ្សេងទៀត ត្រូវបានតុលាការ បង្គាប់ឲ្យឃុំខ្លួនកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយយោងតាម ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និងពាក្យបណ្តឹងផ្ទាល់របស់ជនរងគ្រោះ ឈ្មោះ សុវណ្ណ ឈុនវិបុល ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ពិន អ៊ីន ភេទប្រុស អាយុ៤០ឆ្នាំ។
ក្រោយទទួលបានដីកានេះភ្លាម កម្លាំងអាវុធហត្ថ បានអនុវត្តដីកាបង្ក្រាបករណីពាក់ព័ន្ធ បទល្មើសសមគំនិត ក្នុងអំពើរំលោភលើទំនុកចិត្ត ឃាត់ខ្លួនចំនួន០២នាក់ ឈ្មោះ ឈិន ចាន់ថុល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ អគ្គនាយកក្រុមហ៊ុន «យិន ត្រាង ឌីវេឡប់ម៉ិន ឯ.ក» អាស័យដ្ឋានផ្ទះលេខ៨០៦ ផ្លូវNTZ ក្រុមទី០៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិក្បាលជួរ ឃុំសំបុក ក្រុងក្រចេះ ខេត្តក្រចេះ។
ដោយឡែកឈ្មោះ យ៉ាន វិន ភេទស្រី អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិត្រពាំភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មិនមានឈ្មោះក្នុងដីកាចាប់ខ្លួន ហើយព្រះរាជអាជ្ញាមិនអនុញ្ញាតឲ្យឃាត់ខ្លួនទេកម្លាំងជំនាញបានឲ្យវិលត្រឡប់ទៅលំនៅឋានវិញ។
លោកមេបញ្ជាការ បញ្ជាក់ថា ក្រោយចាប់ខ្លួនដកហូតបាន រថយន្តចំនួន០៤គ្រឿង៖ ទី១៖រថយន្តម៉ាក HAWTAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-1787, ទី២៖រថយន្តម៉ាក LEXUS 300 ពណ៌ប្រផេះគ្មានស្លាកលេខ, ទី៣៖រថយន្តម៉ាកកាមរី បាឡែន ពណ៌ប្រផេះ ពាក់ស្លាកលេខកំពង់ចាម2A-2410 និងទី៤៖រថយន្តម៉ាក HIGHLANDER ពណ៌ទឹកប៊ិច គ្មានស្លាកលេខ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែង បញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញដែលជាម្ចាស់ករណី។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ស្រីប្រុសចំនួន០៣នាក់ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស ដាក់ពន្ធនាគារពាក់ព័ន្ធករណីជួលរថយន្ត អ្នកដទៃចំនួន៤២គ្រឿងទៅបញ្ចាំ។
លុះនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ចៅក្រម កូយ សៅ បានចេញដីកាបង្គាប់ឲ្យ កម្លាំងកងអាវុធហត្ថនាំខ្លួនស្ត្រី២នាក់ ទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំជំនុំជម្រះតាមនីតិវិធីពេលក្រោយ។
ការសម្រេចបង្គាប់ឲ្យឃុំខ្លួនស្ត្រីទាំង២នាក់នេះ ធ្វើឡើងបន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ស្ត្រីសង្ស័យទាំង២នាក់ ពីបទ «រំលោភលើទំនុកចិត្ត» និងម្នាក់ទៀតពីបទ «ផ្សំគំនិត»។ ដោយឡែកបុរសម្នាក់ ដែលឃាត់ខ្លួនជាមួយគ្នានោះ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ៕