(ភ្នំពេញ)៖ បន្ទាប់ពីបោះឆ្នោតគាំទ្រសម្តេចសាយ ឈុំ ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះដែរនោះ សមាជិកព្រឹទ្ធសភាទាំង៦២រូប ក៏បានបន្តបោះឆ្នោតគាំទ្រ លោក នៃ ប៉េណា ឱ្យធ្វើអនុប្រធានទី១ និងលោក ទេព ងន ធ្វើជាអនុប្រធានទី២ព្រឹទ្ធសភា។
ការបើកសម័យប្រជុំលើកដំបូងនេះ ត្រូវបានធ្វើឡើងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយក៏មានការចូលរួមពីឥស្សរជនជាន់ខ្ពស់មកពីស្ថាប័នផ្សេងទៀតដូចជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ព្រឹទ្ធសភា មានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានចំនួន៦២រូប ដែលស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា។
បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរួចហើយ សម្តេច សាយ ឈុំ ក៏បានប្រកាសបិទបញ្ចប់កិច្ចប្រជុំលើកដំបូងនេះតែម្តង៕