(កំពង់ចាម)៖ «បើគ្មានការលះបង់ប្រកបដោយវីរភាពរបស់អតីតយុទ្ធជនទេនោះ, យើងក៏មិនអាចរស់នៅដោយសុខសាន្តបានឡើយ។ ហើយបើគ្មាននយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្រង់កម្ពុជាឲ្យរួចផុតពីភ្លើងសង្គ្រាមទេនោះ យើងក៏មិនទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះបានដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត ដែលមិនអាចប្រកែកបានឡើយ »។ ខ្លឹមសារដ៏មានអត្តន័យជ្រាលជ្រៅខាងលើនេះ ជាការបញ្ជាក់របស់នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ដោយមិនបានសម្រាកគ្រប់គ្រាន់នោះ នៅរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ដែលមកពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម នៃខេត្តកំពង់ចាម នាសាលសន្និសីទសាលាខេត្ត។
អញ្ជើញអមដំណើរអគ្គលេខាធិការ នាយឧត្តមសេនីយ៍ គន់ គីម ក្នុងពិធីនេះ រួមមាន៖ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម។
ជាមួយនឹងការពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសម្តេចទាំងទ្វេ ជូនថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ និងបងប្អូនអតីតយុទ្ធជនទាំងអស់ នៅទូទាំងខេត្តកំពង់ចាម, នាយឧត្តមសេនីយ គន់ គីម បានអំពាវនាវដល់ថ្នាក់ដឹកនាំ ស្ថាប័ន អាជីវករ ក្រុមហ៊ុន និងសប្បុរសជននានា សូមបន្តជួយឧបត្ថម្ភ ជាសម្ភារ និងថវិកាដល់អតីតយុទ្ធជនយើង ពិសេស បងប្អូនដែលជួបលំបាកខ្វះខាត ដើម្បីលើកកំពស់ជីវភាព និងកំពុងត្រូវការចាំបាច់នូវជម្រកស្នាក់នៅ។
ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានថ្លែងបញ្ជាក់ទៀតថា «ជាការពិត បងប្អូនទាំងនោះសុទ្ធសឹងតែជាអ្នកដែលមានគុណបំណាច់ធំធេងណាស់ ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវភាព ជាទូទៅ មិនមែនសុទ្ធតែល្អ គ្រាន់បើ ដូចៗគ្នានោះទេ។ ភាគច្រើន ជាអ្នកដែលមានជីវភាពទ័លក្រ ហើយលំបាក ខ្វះខាត ថែមទាំងមានសុខភាព ទ្រុឌទ្រោមថែមទៀត។ ទាំងនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាល និងសមាគមត្រូវទទួលបន្ទុកទុកដោះស្រាយ»។
ពាក់ព័ន្ធទៅនឹងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា លោក គួច ចំរើន ក្នុងនាមរដ្ឋបាលខេត្ត បានអះអាងថា នឹងដឹកនាំកិច្ចប្រជុំអន្តរមន្ទីរពាក់ព័ន្ធ ធ្វើការសំរបសំរួល អនុវត្តអនុសាសន៍សម្តេចតេជោ សំដៅផ្តល់ឱកាសឲ្យអតីតយុទ្ធជននិងគ្រួសារ ទទួលបានសេវាពិនិត្យ ព្យាបាលជម្ងឺដោយឥតបង់ថ្លៃ។
លោក វេង សុខុន បានចាត់ទុកថា ការគិតគូរពីជីវភាពសុខទុក្ខអតីតយុទ្ធជន គឺជាប្រការសមស្របណាស់ ទៅនឹងទំហំពលីកម្មរបស់បងប្អូន។ ក្នុងនាមក្រុមការងារចុះជួយស្រុកកំពង់សៀម លោករដ្ឋមន្ត្រី បានសន្យាថា នឹងរួមជាមួយសមាគម ជួយទទួលខុសត្រូវ មើលថែ និងដោះស្រាយបញ្ហាជូនអតីតយុទ្ធជនយើង។
សូមបញ្ជាក់ថា អតីតយុទ្ធជនទូទាំងខេត្តកំពង់ចាម ដែលត្រូវទទួលបានមេដាយការពារជាតិ មានចំនួនសរុប៣,០៩០នាក់ ក្នុងនេះក្រុងកំពង់ចាម ចំនួន៤៥០នាក់ និងស្រុកកំពង់សៀម ចំនួន៤៦៩នាក់៕