(ព្រះវិហារ)៖ ដើម្បីលើកកម្ពស់ជីវភាព ក៏ដូចជាការពារបាននូវផលប្រយោជន៍ជាច្រើន របស់បងប្អូនអ្នករត់ម៉ូតូឌុប សមាគមអ្នករត់ម៉ូតូឌុប នៅក្នុងខេត្តព្រះវិហារ ត្រូវបានបង្កើតឡើង និងប្រកាសជាផ្លូវការ ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ដែលរៀបចំឡើងក្នុងបរិវេណទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះលោក អ៊ុន ចាន់ដា បានថ្លែងថា «ការបង្កើតសមាគមអ្នករត់ម៉ូតូឌុបនេះ ជាលើកទីមួយហើយសម្រាប់ខេត្តព្រះវិហារ ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាព និងការពារបានជូនបងប្អូន អ្នករត់ម៉ូតូឌុបយើង នៅពេលជួបប្រទះ និងហេតុការជាយថាហេតុណាមួយកើតឡើង»។
លោកអភិបាលខេត្ត បានបន្តថា បងប្អូនអ្នករត់ម៉ូតូឌុប គឺជាអ្នកប្រតិបត្តិករផ្ទាល់ នៅតាមដងផ្លូវនានា ដូច្នេះបញ្ហាផ្សងៗ ពិតជាកើតមានឡើង ចំពោះបងប្អូនមិនខាន ដូច្នេះ ដើម្បីការពារបានពីបញ្ហានេះ ពេលបងប្អូនចូលជាសមាជិកសមាគម បងប្អូននឹងត្រូវបានការពារដោយសមាគមបន្ថែមលើសពីនេះ ពេលបងប្អូនទៅពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត គឺមិនបាច់បង់ប្រាក់ ដូចប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រដែរ។
ជាមួយគ្នានេះលោក អ៊ុន ចាន់ដា ក៏បានអំពាវនាវឱ្យបងប្អូនអ្នករត់ម៉ូតូឌុបយើង ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ លោកនឹងឱ្យមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បើកវគ្គខ្លីៗ បង្រៀនពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបងប្អូនកាន់តែមានការយល់ដឹងថែមទៀត។ លោកបានគៀងគររកថវិកា ដាក់ចូលសមាគមដើម្បីទុកដោះស្រាយការខ្វះខាត របស់បងប្អូននៅពេលមានករណីចាំបាច់ផ្សេងៗ។
សូមបញ្ជាក់ថា សមាគមអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ មានសមាសភាពថ្នាក់ដឹកនាំរួមមាន៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជាប្រធានកិត្តិយ, លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាប្រធានសមាគម និងអស់លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពនានា ជាអនុប្រធាន និងជាសមាជិកផងដែរ។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា បានចែកនូវមួកសុវត្ថិភាព ជូនបងប្អូនយើងម្នាក់មួយ និងបានហូបបាយសាមគ្គីជាមួយគ្នាដោយភាពស្និទស្នាលផងដែរ៕