(រតនគិរី)៖ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានសេចក្តីសម្រេចមួយ ដោយបានបញ្ចប់មុខតំណែងលោក ប៉ែន ហេង ពីអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មកបំរើការងារក្នុងមុខតំណែងជាមន្ត្រីធម្មតានៅក្នុងមន្ទីរវិញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោក ថង សាវុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ។
មន្ត្រីជាន់ខ្ពស់ខេត្តរតនគិរីម្នាក់ សូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះថា មុននឹងឈានដល់ការដកតំណែងមន្ត្រីខាងលើនេះ បានកើតមានឡើងដោយមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរួចហើយដែរ។
បើតាមសេចក្តីរាយការណ៍ដដែល មន្ត្រីរូបនេះ កន្លងមក អសកម្មការងារ ក្នុងអង្គភាព។ ជារឿយៗ ក៏មានការណែនាំពីគណៈបញ្ជាការឯកភាពខេត្ត ប៉ុន្តែគាត់នៅតែមិនកែប្រែទើបទទួលលទ្ធិផលបែបនេះ។
មិនថាថ្ងៃធ្វើការ ឫថ្ងៃឈប់សម្រាកនោះទេ លោក ប៉ែន ហេង តែងតែគៀងគរមិត្តភក្តិ មកផឹកស៊ីក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែម្តង មើលទៅវាមិនសាកសមជាកន្លែងការងាររបស់រដ្ឋ។
ទាក់ទិនទៅនឹងការដកតំណែងពីអនុប្រធានមន្ទីរ មកបំរើការងារជាមន្ត្រីធម្មតានេះដែរ ភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោក ប៉ែន ហេង ជាសាម៉ីខ្លួនបានទេនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ៕