(រតនគិរី)៖ តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំបន្តឆ្នាំ២០១៨ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារយុវជនគណបក្សខេត្ត បានប្តេជ្ញាចិត្តខ្ពស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់បន្តការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិ និងប្រជាជនកម្ពុជា។
តាមរយៈផែនការឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នឹងបន្តគៀគរកម្លាំងយុវជន និងពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងចុះផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធផលនានា ដែលជាស្នាដៃជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។
លើកកម្ពស់ការអប់រំយុវជន ឲ្យមានស្មារតីស្នេហាជាតិ ស្រលាញ់ប្រជាជន រួមសាមគ្គីកសាងកម្លាំងការពារជាតិ មាតុភូមិឲ្យបានដាច់ខាតពីការប៉ុងប៉ងបំផ្លិចបំផ្លាញកម្ពុជា ជាងនេះទៅទៀតប្រឆាំង និងថ្កោលទោសដាច់ខាតនូវទង្វើទណ្ឌិតសម រង្សុី ដែលចុះហត្ថលេខាកាត់ទឹកដីបួនខេត្ត ក្នុងនោះមានខេត្តរតនគិរីផងដែរឲ្យទៅបរទេស ។
ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តរតនគិរី លោក ថង សាវុន បានជំរុញឲ្យយុវជនគណបក្សយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីក្លាយខ្លួនជាធនធានប្រកបដោយគុណភាពរបស់គណបក្ស។
ទន្ទឹមនឹងនោះយុវជនត្រូវមានតួនាទី ថែរក្សាឲ្យបាននូវសមិទ្ធិផលរបស់គណបក្ស ប្តេជ្ញាការពារគណបក្ស ផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗ និងសមិទ្ធផលសំខាន់របស់បក្សជូនសាធារណៈជន ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញជាតិ និងការឃោសនាបង្ខូចកិត្តិយសរបស់កម្ពុជា នៅលើឆាកជាតិ និងអន្តរជាតិ ហើយក្នុងនាមយុវជនបក្សប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់ដឹកនាំប្រទេសបន្តទៅទៀត៕