(ភ្នំពេញ)៖ សម្រាប់ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកទស្សនវិជ្ជា និងពាក្យទូន្មានពិសេសៗចំនួន ១០ឃ្លាថ្មីទៀត ដែលជាព្រះបន្ទូររបស់ព្រះមហាក្សត្រ ពុទ្ធដីការបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងវាចាររបស់ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងបណ្ដាអ្នកប្រាជ្ញល្បីៗលើពិភពលោក។
ទស្សនវិជ្ជា និងពាក្យទូន្មានទាំង១០ឃ្លានោះ រួមមាន៖
១៖ កើតជាមនុស្សងាយណាស់ តែធ្វើខ្លួនទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ ត្រូវប្រឹងព្យាយាមទើបបានសម្រេច។ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
២៖ ទីណាដែលមនុស្សមិនស្គាល់សន្តិភាព ចូរធ្វើឲ្យគេស្គាល់, ទីណាដែលសន្តិភាពត្រូវគំរាមកំហែង ចូរពង្រឹងវាឡើង, ទីណាដែលសន្តិភាពកើតមានតែមួយភ្លេត ចូរធ្វើវាឲ្យជាប់លាប់ឡើង។ ប្រធានាធិបតីទី២ របស់សហរដ្ឋអាមេរិក លោក ចន អាដាម។
៣៖ មនុស្សល្អម្នាក់ បើប្រាសចាកពីភាពប្រាកដប្រជាហើយ រមែងមិនទទួលបានការគោរព ការកោតសរសើរពីអ្នកដទៃឡើយ។ ទស្សនវិទូបុរាណចិន ខុង ជឺ (៥៥១-៤៧៧ មុនគ្រិស្តសករាជ)។
៤៖ នៅក្នុងព្រៃជ្រៅមានដើមឈើដ៏សែនត្រង់ ប៉ុន្តែនៅលើវាលលោកិយ គ្មានមនុស្សចិត្តទៀងត្រង់នោះទេ។ អ្នកប្រាជ្ញចិន។
៥៖ ស្ដ្រីប្រៀបបានទៅនឹងបឹងគ្មានរលក គ្មានព្យុះ ប៉ុន្តែអាចសម្លាប់មនុស្សប្រុសបាន។ ព្រះចៅអធិរាជនៃប្រទេសបារាំង ណាប៉ូ ឡេអុង។
៦៖ ទឹកភ្នែកនារី គឺជាអាវុធដ៏កាចសាហាវ។ ព្រះចៅ ណាប៉ូ ឡេអុង។
៧៖ កុំប្រញាប់ប្រញាល់ធ្វើជាមេដឹកនាំ ប៉ុន្តែនៅពេលដែលអ្នកបានធ្វើហើយ ចូរធ្វើឲ្យរឹងមាំ និងជាប្រចាំ។ ទស្សនវិទូក្រិចបុរាណ សូក្រាត។
៨៖ គ្មានជម្រើសណាមួយល្អឥតខ្ចោះនោះទេ។ នេះជាសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែ ដែលថ្លែងនៅប្រមាណម៉ោងប៉ុណ្ណោះ មុនបើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់។
៩៖ តម្លៃដែលមាននៅក្នុងខ្លួនរបស់អ្នក គឺជាទិសដៅកំណត់វាសនាជីវិតរបស់អ្នក។ មហាត្មៈ គន្ធី មេដឹកនាំសាធារដ្ឋឥណ្ឌា។
១០៖ កើតមកក្រមិនមែនជាកំហុសរបស់យើង តែបើស្លាប់ទៅវិញនៅតែក្រ ទើបជាកំហុសរបស់យើង។ ស្ថាបនិកក្រុមហ៊ុម Microsoft លោក ប៊ីល ហ្គេត៕