(ស្ទឹងត្រែង)៖ នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដូចជា ចាស់ជរាឥតទីពឹង ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា និងអ្នករស់នៅជាមួយមេរោគអេដស៍សរុបទាំអស់ចំនួន ៥៩៧គ្រួសារ ។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ២៨៥គ្រួសារ មកពី៨ភូមិ ៣ឃុំ នៃស្រុកសៀមបូក និងចំនួន ៣១២គ្រួសារ មកពី ៦ភូមិ ២សង្កាត់ នៃក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ និងសូមផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតដោយសេចក្តីថ្លៃថ្នូរក្នុងប្រទេសដែលកំពុងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនេះ។
គ្រួសារទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដល់ប្រជាពលរដ្ឋមានទុក្ខលំបាកដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងភួយ១។
ឆ្លៀតក្នុងឱកាសក្នុងថ្ងៃដែរ លោកស្រី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខដល់ចាស់ជរាតាមខ្នងផ្ទះ ចំនួន ៥គ្រួសារ នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក និង ៥គ្រួសារទៀត នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕