(ភ្នំពេញ)៖ ការបង្ក្រាបចលនាបដិវត្តន៍ពណ៌ដោយជោគជ័យកាលពីអំឡុងការបោះឆ្នោត និងក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គឺជាកញ្ចក់ដែលយើងអាចឆ្លុះបញ្ចាំង ឲ្យយើងមើលឃើញកាន់តែច្បាស់អំពីរូបរាង និងខ្សែបណ្តាញនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជាដែលត្រូវបានចងក្រង និងបណ្តុះបណ្តាលបានយ៉ាងល្អដោយពួកបរទេស តាមរយះការប្រើប្រាស់បក្សប្រឆាំង សង្គមស៊ីវិលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សាយព័ត៌មានបរទេសជាខេមរភាសា។

ពីដំបូងឡើយ ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរទូទៅចេះតែគិតថា បដិវត្តន៍ពណ៌ប្រហែលគ្រាន់តែជាការលាបពណ៌ទេ តែដល់តាមដានយូរទៅ យើងបានយល់យ៉ាងច្បាស់អំពីគោលដៅ រចនាសម្ព័ន្ធ និងសកម្មភាពរបស់ក្រុមចលនាបដិវត្តន៍ពណ៌នេះ។ បណ្តាញនេះត្រូវបានគេចាត់តាំងរៀបចំយ៉ាងល្អ និងតាំងពីយូរណាស់មកហើយ។

អ្វីដែលគេនៅចងចាំបានយ៉ាងច្បាស់គឺ នៅពេលដែលលោក កឹម សុខា បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដំបូង គាត់បានប្រើពាក្យស្លោកមួយថា «បើគ្មានការប្រថុយប្រថាន គ្មានការផ្លាស់ប្តូរ» ។ ដំបូងឡើយយើងមិនបានចាប់អារម្មណ៍ទេ ហើយគិតថាជាពាក្យធម្មតាៗប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីតាមដានសភាពការណ៍ក្នុងពិភពលោក ពិសេសបណ្តាប្រទេសដែលរងភាពខ្ទេចខ្ទាំដោយចលនាបដិវត្តន៍ពណ៌ ហើយចុងក្រោយនេះ បន្ទាប់ពីបានតាមដានអ្វីដែលកើតមាននៅកម្ពុជា ទើបយើងយល់ច្បាស់ថា ពាក្យដែលលោក កឹម សុខា ប្រើពេលនោះមិនមែនធម្មតាទេ ប៉ុន្តែវាជាពាក្យស្លោកគន្លឹះសម្រាប់ឈានទៅបញ្ឆេះកំហឹងពលរដ្ឋឲ្យហ៊ានងើបបះបោរប្រឆាំងរដ្ឋអំណាចស្របច្បាប់ ដើម្បីផ្លាស់ប្តូរតាមបែបចលនាបដិវត្តន៍ពណ៌នេះឯង។

ពាក្យថា «បើគ្មានការប្រថុយប្រថាន គ្មានការផ្លាស់ប្តូរ» នេះក៏មិនមែនលោក កឹម សុខា ខ្លួនឯងនឹកឃើញដែរ តែជាពាក្យដែលបរទេសបានបង្រៀនដល់លោក កឹម សុខា។ នេះបើយោងតាមការឆ្លុះបញ្ចាំងតាមរយៈសម្តីដែលលោក កឹមសុខា ខ្លួនឯងបាននិយាយចេញមកតាមរយៈខ្សែអាត់សំឡេងដែលត្រូវបានផ្សព្វផ្សាយកន្លងទៅ។

ការចាកចេញពីនយោបាយទៅបង្កើតអង្គការសិទ្ធិមនុស្ស ហើយចេញពីអង្គការសិទ្ធិមនុស្សហក់ចូលនយោបាយជាថ្មីរបស់លោក កឹម សុខា សុទ្ធសឹងជាសេណារីយោដែល គូសវាសដោយពួកបរទេសទាំងអស់។ មកដល់ពេលនេះ យើងក៏បានយល់កាន់តែច្បាស់ថែមទៀតថា ហេតុអ្វីបានជាលោក សម រង្ស៊ី ចេះតែបង្កភាពប្រទូសរាយជាមួយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសាររបស់នាយករដ្ឋមន្ត្រីមិនចេះចប់។ ហេតុអ្វីបានជាម្តងហើយម្តងទៀត លោក សម រង្ស៊ី ចេះតែបំផ្លាញវប្បធម៌សន្ទនាឲ្យរលាយ សាបសូន្យទៅវិញបែបនេះ?

ហេតុអ្វីបានជាក្រោយការបោះឆ្នោតរាល់លើក លោកសម រង្ស៊ី តែងដឹកនាំចលនាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតរហូត ទោះជាការបោះឆ្នោតត្រូវបានគេវាយតម្លៃជាទូទៅថា មានភាពសេរី និងយុត្តិធម៌ក៏ដោយនោះ? មូលហេតុគឺ លោក សម រង្ស៊ី ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងជោគជាំពីចៅហ្វាយនាយបរទេស មានគោលដៅផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌ទេតើ។ ដើម្បីសម្រេចគោលដៅនេះ លោក សម រង្ស៊ី មិនអាចបង្ហាញភាពស្និទ្ធស្នាល ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ តែត្រូវបង្ហាញភាពជាសត្រូវស៊ីសាច់ហុតឈាមទើបអាចបំផុសកំហឹងអ្នកគាំទ្របក្សប្រឆាំង ឲ្យចងគំនុំជាមួយមេដឹកនាំរាជរដ្ឋាភិបាល ពិសេសគឺគ្រួសារនាយករដ្ឋមន្ត្រីតែម្តង។

អ៉ីចឹងហើយបានជាលោក សម រង្ស៊ី ហ៊ានរហូតដល់ប្រឌិតរឿងចោទប្រកាន់ថា ភរិយានាយករដ្ឋមន្ត្រី និងកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត គឺជាកូនរបស់មេដឹកនាំ វៀតណាម។ គោលដៅរបស់លោក សម រង្ស៊ី ដែលហ៊ានប្រឌិតរឿងបែបនេះគឺចង់ឲ្យពលរដ្ឋខ្មែរមានគំនុំកាន់តែខ្លាំងទៅលើគ្រួសារនាយករដ្ឋមន្ត្រី ដើម្បីងាយស្រួលញុះញង់ឲ្យ ងើបបះបោរប្រឆាំង។

និយាយពីក្រុមសង្គមស៊ីវិលវិញ ជាពិសេសក្រុមដែលធ្វើការខាងបោះឆ្នោត, ខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូចជាអង្គការ ខុមហ្វ្រែល របស់លោក គល់ បញ្ញា ជាដើម។ ពីដំបូងឡើយយើងចេះតែឆ្ងល់ថា ហេតុអ្វីបានជាក្រុមទាំងនោះចេះចងក្រងគ្នាជាបណ្តាញល្អម៉្លេះ? ហើយបណ្តាញនោះទៀតសោតមិនដែលនិយាយពីចំណុចវិជ្ជមានទាល់តែសោះ តែបែរជាផ្តុំក្បាលគ្នាថ្លែងការណ៍តែពីចំណុចអវិជ្ជមាន ទោះជារឿងតូចតាចសោះក៏ដោយ? ដំបូងឡើយ យើងយល់ត្រឹមតែថា បើមិនធ្វើដូច្នេះទេ ម្តេចនឹងទទួលបានជំនួយពីបរទេស? តាមពិតការយល់បែបនេះមិនខុសទេ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ចំណុចសំខាន់ជាងនេះគឺ ពួកគេជាបណ្តាញចលនាបដិវត្តន៍ពណ៌ ដោយប្រើការញុះញង់ជាគោល។ ហេតុដូច្នេះហើយបានជា ទោះបីការបោះឆ្នោតមានសភាពស្ងប់ស្ងាត់ គ្មានហិង្សា និងមានតម្លាភាពគ្រប់គ្រាន់ក៏ដោយ ក៏ពួកគេនៅតែរកលេសនេះ លេសនោះដើម្បីធ្វើសេចក្តីថ្លែងការណ៍ រិះគន់ដដែល។

គេនៅចាំបានថា មុនបោះឆ្នោតឆ្នាំ២០១៣ អង្គការ ខុមហ្វ្រែល របស់លោក គល់ បញ្ញា បានប្រឌិតរឿងទឹកខ្មៅលុបជ្រះដើម្បីបំភាន់សាធារណៈមតិ។ គោលដៅរបស់ពួកគេគឺ ធ្វើឲ្យមានការសង្ស័យចំពោះលទ្ធផលបោះឆ្នោត ដើម្បីងាយស្រួលពួកគេរកលេសបដិសេធលទ្ធផលបោះឆ្នោត ឬផ្តល់ទម្ងន់ដល់ការតវ៉ារបស់គណបក្សប្រឆាំង។ គ្មានម្តងណាឡើយដែលក្រុមអង្គការទាំងនោះសរសើរការបោះឆ្នោត គឺរិះគន់តែរហូតទោះបីជាការរៀបចំនោះមានបក្សប្រឆាំងជាតំណាងនៅក្នុង គ.ជ.ប និងបើកឲ្យមានការសង្កេតការណ៍យ៉ាងទូលំទូលាយក៏ដោយ។ អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតគឺ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះមិនដែលមានម្តងណាឡើយ ដែលស្តីបន្ទោសបក្សប្រឆាំង បើទោះជាពួកប្រឆាំងធ្វើខុសយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ ពួកគេតែងការពារបក្សប្រឆាំងជាដរាប តែមាត់ខំអួតថា ជាសង្គមស៊ីវិលឯករាជ្យ។

និយាយពីប្រព័ន្ធផ្សាយព័ត៌មានដូចជា វិទ្យុអាស៊ីសេរីជាដើមនោះ ក៏ចេះតែអួតមិនខ្មាសអៀនថា ជាវិទ្យុឯករាជ្យ តែតាមពិតជាវិទ្យុគាំទ្របក្សប្រឆាំងយ៉ាងងប់ងល់បំផុត។ វិទ្យុអាស៊ីសេរី និងបណ្តាញផ្សាយព័ត៌មានមួយចំនួនទៀត ដែលធ្វើជាឧបករណ៍នយោបាយដាច់ថ្លៃឲ្យបក្សប្រឆាំង ក៏ខំយ៉ាងសម្បើមណាស់ដែរក្នុងការជួយបក្សប្រឆាំង។ ជួយរហូតដល់ភ្លេចគិតពីភាពសមរម្យ ពីវិជ្ជាជីវៈ និងពីសីលធម៌។ ធ្វើជាអ្នកសារព័ត៌មាន ប៉ុន្តែពួកគេដើរតួជាអ្នកនយោបាយយ៉ាងចំហ។ ព័ត៌មានដែលវិទ្យុនេះផ្សាយ១០០% គឺជាទស្សនៈនយោបាយសុទ្ធសាធ។

ចុងក្រោយនេះ វិទ្យុអាស៊ីសេរី ក្រោយពេលក្លាយជាវិទ្យុក្រៅច្បាប់ បានបង្ហាញសារជាតិរបស់ខ្លួនកាន់តែច្បាស់ក្រឡែតថា ជាឧបករណ៍នយោបាយរបស់បក្សប្រឆាំងយ៉ាងដាច់ថ្លៃ។ គ្មានឡើយក្រមសីលធម៌វិជ្ជាជីវៈ គឺមានតែសារនយោបាយសុទ្ធសាធ ហើយជាសារនយោបាយបំបែកបំបាក់ ញុះញង់ បំភ្លៃ បំប៉ោង ប្រឌិត....។

ព្រឹត្តិការណ៍នៅខេត្តក្រចេះកាលពីពេលថ្មីៗនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតថា អាស៊ីសេរីជាឧបករណ៍នយោបាយដាច់ថ្លៃ ដោយហ៊ានផ្សាយព័ត៌មានប្រឌិត ទាំងស្រុងថា មានមនុស្សស្លាប់៦នាក់ និងរងរបួស៤០នាក់។ ទោះបីនៅទីបំផុតទៅ គ្មានអ្នកស្លាប់សោះក៏ដោយ ក៏វិទ្យុនេះមិនបានកែតម្រូវព័ត៌មានរបស់ខ្លួនឡើយ។

អ្វីដែលអស្ចារ្យបំផុតនោះគឺ លោក សម រង្ស៊ី បានយកព័ត៌មានប្រឌិតនេះ ទៅចេញសាររំលែកទុក្ខដល់អ្នកស្លាប់ថែមទៀត ដែលតាមការពិតពុំមានអ្នកណាមកនាក់ស្លាប់ នោះឡើយ។ ឥឡូវនេះនៅពេលការបោះឆ្នោតជិតមកដល់ក្រុមបណ្តាញចលនាបដិវត្តន៍ពណ៌បានកម្រើកឡើងវិញ ហើយដោយពួកគេនៅតែចិញ្ចឹមចិត្តថា អាចប្រោសខ្មោច ដែលស្លាប់បាត់ ហើយឲ្យរស់ឡើងវិញ។ គោលដៅរបស់ពួកគេគឺ បើខ្មោចសង្គ្រោះជាតិមិនអាចរស់ឡើងវិញទេ ពួកគេមានគោលដៅបំផ្លាញការបោះឆ្នោតតែម្តង។ ទាំងលោក សម រង្ស៊ី ទាំងក្រុម សង្គមស៊ីវិលជាតិ អន្តរជាតិមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយដែលជាបណ្តាញរបស់ពួកគេបាន និងកំពុងធ្វើសកម្មភាពដើម្បីឆ្ពោះទៅបំផ្លាញ ការបោះឆ្នោត បំផ្លាញកិត្យានុភាពរបស់ប្រទេស និងបង្កភាពវឹកវរបើអាចធ្វើបាន។

ពេលបានដឹងពីផែនការ និងអង្គការចាត់តាំងរបស់ក្រុមចលនាបដិវត្តន៍ពណ៌នៅកម្ពុជា និងដោយក្រឡេកមើលបញ្ហានៅបណ្តាប្រទេសមជ្ឈឹមបូព៌ា ធ្វើឲ្យយើងព្រឺក្បាល និងស្អប់ខ្ពើមបដិវត្តពណ៌ខ្លាំងណាស់។ យ៉ាងណាក៏ដោយ ប្រទេសយើងមានសំណាងដោយគោលដៅរបស់ពួកបដិវត្តន៍ពណ៌ មិនអាចទៅរួចឡើយដោយសារតែពេលនេះ គ្រប់យ៉ាងត្រូវបានបកអាក្រាតអស់ហើយ។ បណ្តាញរបស់ពួកគេត្រូវបានមហាជនស្គាល់មុខដូចបាតដៃ។ សកម្មភាពរបស់ពួកគេក៏កំពុងបាត់ការគាំទ្រទាំងនៅលើឆាក នយោបាយជាតិ និងអន្តរជាតិ។ អាជ្ញាធរមានសមត្ថកិច្ច កំពុងតាមដានយ៉ាងកៀកកិតចំពោះចលនាខុសច្បាប់នេះ។ បើហ៊ានងើបច្បាស់ជាត្រូវថ្មោងជាមិនខានឡើយ។ នៅលើឆាកអន្តរជាតិវិញ ក៏គ្មានអ្នកណាគាំទ្រដែរ ទោះបីជាពួកគេខំដើរត្រុកៗដើម្បីបញ្ចុះបញ្ចូលបរទេសឲ្យគាំទ្រយ៉ាងណាក៏ដោយ។ ដូច្នេះក្រុមចលនាបដិវត្តន៍ពណ៌គ្មានផ្លូវ សម្រាប់ដើរទៀតទេ។

ពេលនេះ អ្វីៗស្ថិតនៅក្នុងក្រសែភ្នែករបស់មហាជនខ្មែរគ្រប់គ្នា និងក៏ដូចជាស្ថិតក្នុងក្រសែភ្នែកសមត្ថកិច្ចគ្រប់បែបយ៉ាង ដូចពាក្យចាស់ពោលថា «ពេលទឹករងថ្លា គេអាចមើលឃើញបាតបឹងកាន់តែច្បាស់» គឺច្បាស់ដូចបាតដៃ។ រាល់សកម្មភាពរបស់ក្រុមនេះសុទ្ធតែស្ថិតក្នុងកាម៉េរាសុវត្ថិភាពទាំងអស់៕

ដោយ៖ កូនខ្មែរ