(ស្វាយរៀង)៖ លោកជុក មុន្នី អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងស្វាយរៀង បានថ្លែងថាប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ គឺដោយសារគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ២២ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ គ្រួសារគណបក្សប្រជាជនកម្ពុជា ចំនួន២៥៤គ្រួសារ នៅក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង។
ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏មានការចូលរួមពីលោក យូ ប៊ុន្នី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុងស្វាយរៀង, លោក កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងគណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀងផងដែរ។
ក្នុងឳកាសនោះលោក ជុក មុន្នី បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ និងបានកោតសរសើដល់សាខាបក្សភូមិទាំងអស់ដែលបានចងក្រងនូវសៀវភៅក្រុមបក្ស។
ជាមួយគ្នានេះ លោកកែ រដ្ឋា បានលើកឡើងពីសភាពការណ៍នយោបាយបច្ចុប្បន្ន អំពើក្បត់ជាតិរបស់ កឹម សុខា និងសម រង្ស៊ី ដែលគប់ឃិតជាមួយបរទេស ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ការកាត់ទឹកដីឱ្យបរទេស និងការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។ លោកបន្តថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច ហ៊ុន សែន ប្រទេសកម្ពជាសម្រេចបានសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នាពេលកន្លងនេះ។
ជាចុងក្រោយ គណៈអធិបតី បានជូនវត្ថុអនុស្សាវរីយ៍ នូវសារុងម្នាក់មួយ ដែលជាអំណោយរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៕