(ក្រចេះ)៖ ពលរដ្ឋរស់នៅស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានអះអាងថា ពួកគេនឹងកៀរគប្រជាពលរដ្ឋ ប្រឆាំងនឹងការធ្វើនយោបាយរបស់ លោក សម រង្ស៊ី ដោយសារខឹងនឹងទណ្ឌិតរូបនេះ លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
ការប្រតិកម្មរបស់ពលរដ្ឋនៅខេត្តក្រចេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
ជាអ្នកភូមិស្ទឹងស្វាយ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលលោក សម រង្ស៊ី លួចចុះកិច្ចព្រមព្រៀង ប្រគល់ឱ្យជនជាតិភាគតិចវៀតណាម អ្នកស្រី សេង ហៀង បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អ្នកស្រីមានការឈឺចាប់ណាស់ ដែលដឹងថា លោក សម រង្ស៊ី ហ៊ានលួចចុះកិច្ចព្រមព្រៀងឱ្យទៅជនជាតិភាគតិចវៀតណាម។
មានមុខរបរជាអ្នកលក់បន្លែបន្ដិចបន្ដួច អ្នកស្រី សេង ហៀង ចាត់ទុកថា ការលួចចុះកិច្ចព្រមព្រៀងបែបនេះ គឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនកម្ពុជា ហើយស្នើឱ្យតុលាការ កាត់ទោសលោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំចង់ឱ្យតុលាការកាត់ទោសគាត់ (លោក សម រង្ស៊ី) តាមផ្លូវច្បាប់ ព្រោះគាត់បានឃុបឃិត ជាមួយជនជាតិភាគតិចវៀតណាម កាត់ទឹកដីយើងឱ្យគេ» ។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕