(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភា ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈឱ្យបានគង់វង្ស និងសូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
លោក វេង សាខុន បានថ្លែងបែបនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឥន្ធកោសី «ហៅវត្តកោះជ្រូក» ស្ថិតនៅក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការសមាជិក ក្រុមការងារថ្នាក់កណ្តាល និងមន្ត្រីនៅថ្នាក់មូលដ្ឋាន ព្រះសង្ឃ ប្រជាពុទ្ធិបរិស័ទចំណុះជើងវត្ត ប្រមាណជាង៦៥០នាក់ផងដែរ។
ក្នុងឱកាសនោះផងដែរ លោក វេង សាខុន ក៏បានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍ របស់ប្រទេសជាតិក្នុងពេលបច្ចុប្បន្ន និងផែនការអភិវឌ្ឍនាពេល អនាគតស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំ កសាងនិងអភិវឌ្ឍប្រទេសឱ្យមានសុខសន្តិភាព ស្ថេរភាព និងមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ និងពោពេញដោយក្តីសង្ឃឹមថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ពិតណាស់ដើម្បីឈានទៅសម្រេចបាននូវគោលដៅដ៏សំខាន់នេះ លោកបានសំណូមពរ ឱ្យប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវបន្តខិតខំ យកចិត្តទុកដាក់ថែរក្សា ឱ្យបានគង់វង្សនូវសមិទ្ធផល សុខសន្តិភាពនិងការអភិវឌ្ឍ ហើយសំណូមពរ ឱ្យប្រជាជនដែលមានសិទ្ធិបោះឆ្នោតឱ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជន ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សឱ្យបានទាំងអស់គ្នា ដើម្បីផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន អាចមានលទ្ធភាពបន្តដឹកនាំប្រទេសនៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។
ជាមួយគ្នានេះដែរ ក្នុងគោលចូលរួមចែករំលែកថវិកា ដើម្បីបានកសាងសមិទ្ធផលបន្ត លោករដ្ឋមន្រ្តីក្នុងនាមសម្តេចតេជោ ហ៊ុន សែន រួមជាមួយសហការីបានជួយឧបត្ថម្ភថវិកា ចំនួន១០,០០០ដុល្លារ យកទៅប្រើប្រាស់តាមការចាំបាច់ក្នុងវត្ត និងសងថ្លៃជំពាក់ថ្លៃជាង ចំណាយរៀបចំកម្មវិធី អស់ជាង១៦លានរៀល ហើយក្នុងនេះបានជូនសមាជិក សមាជិកា ដែលបានចូលរួមចំនួន៦៥០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕