(ម៉ាឡេស៊ី)៖ លោក​ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញសាកសួរសុខទុក្ខសំណេះសំណាល ជាមួយពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ​រដ្ឋ​Johor Baharu ដោយមានការចូលរួមពី លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូត​កម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និង​សហការី​ផងដែរ។

ជំនួបនេះធ្វើឡើង នៅឯតំបន់ Ulutiram នាព្រឹកថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៨ ដោយមានតំណាង និង​បងប្អូនខ្មែរមកពីបណ្តាភូមិ តំបន់ជុំវិញ រដ្ឋ Johor Baharu ដែលអ្នកខ្លះបានមករស់នៅរួមរស់តាំង ពីទស្សវត្ស៧០ ទស្សវត្ស​៨០ និង​ជាបន្តបន្ទាប់​។ រដ្ឋ Johor Baharu ជារដ្ឋដែលមានចម្ងាយប្រមាណ ជិត៤០០គីឡូម៉ែត្រ ពីរដ្ឋធានីកូឡាឡាំពួរ​។

លោកស្រី រត្ន ម៉ានី ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជា នៅម៉ាឡេស៊ី លើកឡើងពីគោលជំហ និង​តួនាទី​របស់ខ្លួន នឹងឈរលើឆន្ទៈបម្រើប្រជាជនខ្មែរ ដែលនៅម៉ាឡេស៊ី ស្វាគមន៍ជានិច្ចនូវ​រាល់បញ្ហាផ្សេងៗ ដែលពលរដ្ឋជួបប្រទះ ដោយមិនបង្កការប៉ះពាល់ដល់ច្បាប់ នៃប្រទេសម៉ាឡេស៊ី។​

បន្ទាប់ពីបានលើកឡើងពីការ​ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកឧកញ៉ា អូស្មាន ហាស្សាន់ បានជម្រាបពីភាពរីកចម្រើន គ្រប់បែបយ៉ាងរបស់កម្ពុជា ក្រោមគោលនយោបាយដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន បើគ្មានការដឹកនាំប្រកបដោយឆន្ទៈមុះមត់ ស្មារតីលះបង់ខ្ពស់ គិតគូរអំពីផលប្រយោជន៍ជាតិជាធំទេ​របស់ប្រមុខដឹកនាំទេ គឺកម្ពុជា មិនមែនសម្រេចបានដោយជោគជ័យ​ក្លាយទៅជាប្រទេស ដែលមានសុខសន្តិភាព សុខដមបនីយកម្ម និង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរីកចម្រើនបានល្អប្រសើរដូចសព្វថ្ងៃនោះទេ។​

លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់ពលរដ្ឋខ្មែរទាំងអស់ អ្នកដែលទទួលបានសញ្ជាតិ និង​អ្នកដែលនៅបំពេញការងារ គឺបានសាមគ្គី រួមរស់ប្រកបដោយសេចក្តីសុខ សប្បាយ មិនដែលឭពីបញ្ហាបង្កការលំបាក នាំភាពខ្វល់ខ្វាយដល់រដ្ឋាភិបាលម៉ាឡេស៊ី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាខ្លួនឯង ដែលនេះគឺជាកសាងកេរ្តិ៍ឈ្មោះមួយ យ៉ាងល្អប្រសើរជូនប្រជាជាតិកម្ពុជាទាំងមូល។

បន្ទាប់ពីបញ្ចប់កម្មវិធី គណៈប្រតិភូកម្ពុជា ក៏បានបន្តដំណើរទៅតបន់ Sungai Boluh រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដែលមានចម្ងាយប្រមាណជាង ៤០០គីឡូម៉ែត្រពីរដ្ឋ Johor Baharu ដើម្បីបន្តជួបសំណេះសំណាលជាមួយបងប្អូនខ្មែរ ដែលនៅតំបន់នេះ៕