(ភ្នំពេញ)៖ បន្ទាប់មានការរិះគន់ដោយមិនសំចៃមាត់ថា ក្រុមហ៊ុនដឹកអ្នកដំណើរ «អូឡុនពេជ្រ» បានផ្ទុកមនុស្សច្រើនលើសចំណុះ ពីរាជធានីភ្នំពេញ ទៅខេត្តកោះកុងនោះ, ម្ចាស់ក្រុមហ៊ុន បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនគ្មានគោលការណ៍ដាក់អ្នកដំណើរតាមផ្លូវនោះទេ ហើយរឿងដែលកើតឡើង គឺតៃកុង និងព្រូឡានជាអ្នកធ្វើដោយខ្លួនឯង ពេលនេះអ្នកដំណើរដែលឡើងតាមផ្លូវ បានតម្រូវឲ្យជិះឡានផ្សេងវិញហើយ។
បើតាមម្ចាស់ក្រុមហ៊ុន ចំពោះតៃកុង និងព្រូឡាន ដែលបានឃុបឃិតគ្នាធ្វើរឿងបែបនេះ នឹងត្រូវទទួលរងការពិន័យតាមច្បាប់របស់ក្រុមហ៊ុនដែលបានកំណត់ ព្រោះនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយសរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់របស់ពលរដ្ឋដែលកំពុងជិះលើរថយន្ដ មកកាន់អង្គភាព Fresh News នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានេះ ម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ «អូឡុនពេជ្រ» ក៏សុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ពីអ្នកធ្វើដំណើរក្នុងរថយន្ដ ដែលបានទិញសំបុត្រពេញថ្លៃ ពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ហើយក្រុមហ៊ុននឹងមិនធ្វើឲ្យបញ្ហានេះកើតឡើងបន្ដទៀតនោះទេ។
សូមជម្រាបថា នៅព្រឹកមិញនេះ ក្រុមហ៊ុនដឹកអ្នកដំណើរ «អូឡុនពេជ្រ» បានរងការរិះគន់មិនសំចៃមាត់ ពីអ្នកធ្វើដំណើរថា បានផ្ទុកមនុស្សច្រើនលើសចំណុះ ពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ដោយមិនគិតពីសុវត្ថិភាព និងផាសុខភាពរបស់អ្នកដំណើរ ដែលផ្ទុយពីការណែនាំរបស់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រុមអ្នកធ្វើដំណើរនៅលើរថយន្ដ ដែលជាអ្នកទិញសំបុត្រពេញថ្លៃនៅរាជធានីភ្នំពេញ បានត្អូញត្អែរពេញក្នុងរថយន្ដ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ ប៉ុន្ដែតៃកុងឡាន និងព្រូឡានហាក់គ្មានអើរពើរទាល់តែសោះ ពោលនៅតែបន្ដដាក់ភ្ញៀវរហូតទាល់តែអស់កន្លែងអង្គុយ។
សាររិះគន់របស់អ្នកធ្វើដំណើរ ដែលមានបង្ហោះនៅលើបណ្ដាញសង្គម Facebook បានបញ្ជាក់ថា «ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ អូឡុនពេជ្រ កំពុងបន្ទុកមនុស្សលើសចំណុះ ខណៈធ្វើដំណើរពីភ្នំពេញទៅកោះកុងនៅព្រឹកថ្ងៃទី២២ មេសានេះ។ អ្នកដំណើរម្នាក់ៗ ត្អួញត្អែរ និងព្រូឡានក្រុងនេះ ចេះតែដាក់មនុស្សគ្មានឈប់ហូរហែតាមផ្លូវដោយ មិនគិតពីសុវត្ថិភាពអ្នកដំណើរតែសោះ។ ទោះអង្គុយកៅអីជ័រ ក៏គិតតម្លៃពេញដែរ គឺ២៥០០០រៀល»៕