Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវខូចខាតជាច្រើនឆ្នាំ ប្រវែង១៧គីឡូម៉ែត្រ នៅក្នុងភូមិព្រៃគប់ ក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរក្រុងជួសជុលឡើងវិញ

22-04-2018 14:05

(បន្ទាយមានជ័យ)៖ ផ្លូវលំបាកមួយខ្សែដែលរងខូចខាតមួយជាច្រើនឆ្នាំ ស្ថិតនៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត ចាប់ផ្តើមជួសជុលឡើងវិញហើយ។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹង នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះថា ផ្លូវ១ខ្សែរនេះ រងការខូចខាតអស់ច្រើនឆ្នាំហើយ ថ្ងៃនេះអាជ្ញាធរក្រុងប៉ោយប៉ែតធ្វើការជួសជុល ជាលក្ខណៈផ្លូវក្រាលគ្រួសម៉ិច និងរង់ចាំការចាក់កៅស៊ូក្នុងពេលឆាប់ៗនេះ។ លោកបានបន្តថា មិនត្រឹមតែការឈួសឆាយផ្លូវឡើយ អាជ្ញាធរក្រុងបានធ្វើផ្លូវបេតុង១ខ្សែរទៀត គឺចាក់ផ្លូវបេតុងចូលសាលាបឋមសិក្សាព្រៃគប់ មានប្រវែងជាង១០០ម៉ែត្រ និងធ្វើសួនច្បារផងដែរ។

បើតាមការអះអាង ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ សង្កាត់ខាងលើថា ផ្លូវនេះ គឺមានការពិបាកខ្លាំងណាស់ តាំងពីឆ្នាំ២០០២មកម៉្លេះ ឲ្យតែមានមេឃភ្លៀងធ្លាក់ មិនអាចចេញដំណើរ ទៅណាមកណាបានឡើយ សូម្បីតែកូនចៅ ចង់ទៅសិក្សាក៏ពិបាកដែរ។

ដោយឡែក លោកគ្រូនាយកសាលាបឋមសិក្សាព្រៃគប់ បានថ្លែងអំណរគុណចំពោះលោកអភិបាលក្រុងប៉ោយប៉ែតយ៉ាងជ្រាលជ្រៅ ដែលបានគិតគូរនូវសុខទុក្ខរបស់ក្មួយៗ សិស្សានុសិស្ស ដោយបានជួយស្ថាបនាផ្លូវបេតុងចូលសាលារៀន និងកែលម្អសោភ័ណភាពនានាក្នុងសាលារៀន៕