(កំពង់ធំ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីសាងសង់រង្វង់មូលវិមានឯករាជ្យថ្មី ព្រមទាំងកសាងសួនច្បារលម្អរតាមដងផ្លូវ នៅកណ្តាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សូមជម្រាបថា រង្វង់មូលវិមានឯករាជ្យនេះមានកម្ពស់១៩,១០ម៉ែត្រ អង្កត់ផ្ចិត៣៤,៣៤ម៉ែត្រ ខឿនមានថ្នាក់ និងប្រាំសណ្ឋាន ការសាងសាងសង់រយៈពេល៦ខែ កសាងដោយក្រុមហ៊ុន គុយ លាងគី ការសាងសង់ គឺស្របទៅតាមប្រវត្តិសាស្ត្រខ្មែរ ក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ ទ្រង់បានដណ្តើមឯករាជ្យភាពពីបារាំងចន្លោះឆ្នាំ១៩៤៩-១៩៥៣ ដោយព្រះអង្គយាងទៅតំបន់ទាំងបី ដោយទទួលបានស្វ័យភាព ផ្នែកយោធាដែលមានខេត្តកំពង់ធំ, ខេត្តសៀមរាប និងខេត្តបាត់ដំបង។
ពិធីនេះត្រូវបានប្រារព្ធឡើង តាមបែបព្រហ្មមញ្ញសាសានា ដែលនៅក្នុងនោះ មានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពីធីប្រគុំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រឹត្តិការណ៍ទាំងមូល ជាពិសេសបូជាស្ដេចក្រុងពាលី ដើម្បីជាលំអានសម្រាប់អនុជន ជំនាន់ក្រោយបានដឹងបានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឱ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។
ក្នុងឱកាសនោះដែរលោក សុខ លូ បានដាស់តឿនឱ្យអាជ្ញាធរខេត្ត កំពុងតែរៀបចំកែសម្អសោភ័ណ្ឌភាពក្រុងស្ទឹងសែន ក្នុងនោះមានសាងសង់ រង្វង់មូលវិមានឯករាជ្យ ដោយមានលំអរដោយផ្កា ភ្លើងបំភ្លឺ អមតាមដងផ្លូវ និងសាងសង់ច្រំាងស្ទឹងសែន ទំាងសងខាង ព្រមទំាងពង្រីកសួនកុមារ ឱ្យបានធំជាងមុន ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ មានកន្លែងសម្រាប់លំហែរកាយ លំហាត់ប្រាណ និងមានការរៀបចំសណ្តាប់ធ្នាប់ ដោយមានការកាត់នូវសន្យាបតូបលក់ដូរនៅតាមដងផ្លូវ ដើម្បីបង្កើននូវសោភ័ណ្ឌភាពក្រុង បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។
ជាមួយគ្នានោះដែរ លោកអិបាលខេត្ត ក៏បញ្ជាក់ទៀតថា ការរៀបចំសោភ័ណ្ឌភាពក្រុងស្ទឹងសែននេះ នឹងបញ្ជប់ឱ្យរួចរាល់នៅក្នុងឆ្នាំ២០១៩ នេះគឺជាការខិតខំប្រឹងប្រែរបស់រាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយ៕