(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានចេញលិខិតចំហរមួយថា អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ពិតជាមានចរិតល្ងង់ខ្លៅ ដែលតែងតែយល់ច្រឡំអត្ថន័យថា «គេហុចដំបង ខ្លួនយល់ថាគេសំឡុត» និង «គេឱ្យលាមក យល់ថាជាផ្កា»។
ការចេញលិខិតចំហរទំនងជាប្រដៅវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុបរទេស បានដកស្រង់សម្តីលោក ទៅផ្សព្វផ្សាយបំភ្លៃ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ដោយដាក់ចំណងជើងថា «មន្ត្រីក្រសួងមហាផ្ទៃថា ការតាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងពីក្រៅប្រទេសនាំឲ្យបែកបាក់ជាតិ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងកិច្ចសម្ភាសន៍ នាថ្មីៗនេះ លោកបានប្រដៅវិទ្យុអាស៊ីសេរី ឱ្យមានមនសិការស្នេហាជាតិ ហើយកុំគិតតែធ្វើសកម្មភាពបម្រើបរទេស និងធ្វើនយោបាយឱ្យបរទេស ប៉ុន្តែសម្តីនេះ ត្រូវបានអ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី យកទៅកាឡៃទៅជារឿងផ្សេងទៅវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសទាត់ចោលទាំងស្រុងនូវអត្ថបទចុះផ្សាយ និងការធ្វើអត្ថាធិប្បាយបំផ្លើស ក្នុងចេតនាញុះញង់របស់វិទ្យុអាស៊ីសេរីមួយនេះ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបកស្រាយប្រាប់ជូនវិទ្យុអាស៊ីសេរី និងសាធារណមតិជាតិ និងអន្តរជាតិដូចតទៅ៖
១៖ ការចុះផ្សាយ និងការធ្វើបទអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី គឺជាវិជ្ជាជីវៈកាត់តយ៉ាងថោកទាបជាទីបំផុត ដែលមានបំណងធ្វើឱ្យខូចកិត្តិយស និងធ្វើឱ្យសាធារណមតិ មានការភាន់ច្រឡំ។
២៖ អ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើង គឺដើម្បីប្រៀនប្រដៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ឱ្យមានមនសិការស្នេហាជាតិ និងកុំចេះតែធ្វើការងារបម្រើបរទេស ហើយបំផ្លាញជាតិសាសន៍ខ្លួនឯង។
៣៖ ការផ្សព្វផ្សាយជាច្រើនលើកច្រំដែលៗរបស់វិទ្យុអាស៊ីសេរី កាន់តែបង្ហាញឱ្យឃើញរឹតតែច្បាស់ថា វិទ្យុអាស៊ីសេរី គឺជាវិទ្យុដែលមានគោលការណ៍មិនអព្យាក្រឹត និងមិនឯករាជ្យ ហើយធ្វើសកម្មភាពក្នុងគោលបំណងធ្វើឱ្យសង្គមជាតិមានការបែកបាក់ និងធ្លាក់ក្នុងភាពវឹកវរ។
៤៖ ការចុះផ្សាយ និងការអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី គឺជារឿងគួរឱ្យអស់សំណើច និងស្តែងឱ្យឃើញនូវចរិតល្ងង់ខ្លៅរបស់អ្នកសារព័ត៌មានវិទ្យុអាស៊ី ដែលយល់ច្រឡំថា «គេហុចដំបង ខ្លួនយល់ថាគេសំឡុត» និង «គេឱ្យលាមក ខ្លួនយល់ថាជាផ្កា» ទៅវិញ ដែលចរិតបែបនេះវិទ្យុអាស៊ីសេរីធ្លាប់បានធ្វើរាប់មិនអស់រួចមកហើយ៕