(ត្បូងឃ្មុំ)៖ ប្រទេសជាតិមានសុខសន្តិភាព គឺជាកត្តាសំខាន់បំផុត ដើម្បីធានាដល់ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏ដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះ ជាការលើករបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យដំណើរការសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ហៅវត្តជីមាន់ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្ត្រី បានឲ្យដឹងថា គ្រប់សាសនាទាំងអស់ អាចស្ថិតស្ថេរ និងរីកចម្រើនទៅបាន អាស្រ័យលើកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានលទ្ធិប្រជាធិបតេយ្យជាមុន ហើយអ្វីទាំងអស់នេះ មានតែរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតែមួយគត់ ដែលបាននាំមកឲ្យប្រជាពលរដ្ឋកម្ពុជាពេញលេញដូចសព្វថ្ងៃ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា កម្ពុជាមិនគ្រាន់តែមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីជាការកត់សម្គាល់ជាងនេះទៅទៀតនោះ គឺវិស័យព្រះពុទ្ធសាសនា និងសាសនាទាំងអស់ ស្ថិតក្នុងភាពសុខដុមរមនា គ្មានជម្លោះសាសនានោះឡើយ ខណៈដែលប្រទេសមួយចំនួន កំពុងមានជម្លោះសាសនារហូតដល់ មានការបង្ហូរឈាមគ្នាទៀតផង។ ដូច្នេះទល់តែប្រទេសជាតិ មានការរីកចម្រើន ទើបប្រជាពលរដ្ឋ មានជីវភាពរស់នៅធូរធា ទើបអាចមានលទ្ធភាពក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រះពុទ្ធសាសនា ដូចជា៖ព្រះវិហារ កុដិ ឧបដ្ឋានសាលា ស្រះទឹកជាដើម និងមានលទ្ធភាពផ្គត់ផ្គង់បម្រើដល់ព្រះសង្ឃនៅទូទាំងប្រទេសផងដែរ។

រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ថា វត្តមុនីរង្សី ហៅវត្តជីមាន់នេះ បានកសាងឡើងនៅក្នុងសម័យអាណានិគមនិយមបារាំងអំឡុងឆ្នាំ១៩០០ បើគិតមកដល់បច្ចុប្បន្នមានអាយុ កាលជាង១០០ឆ្នាំ ហើយវត្តនេះ ក៏មិនខុសពីបណ្តាវត្តនានាដទៃទៀត នៅទូទាំងប្រទេសទេ គឺបានទទួលរងនូវការបំផ្លិច បំផ្លាញដោយរបប ប៉ុល ពត និងត្រូវបានស្តារឡើងវិញនៅក្រោយឆ្នាំ១៩៨២។ ក្នុងនោះ ព្រះវិហារដែលជាសមិទ្ធផល ដ៏ចាំបាច់ របស់វត្តត្រូវបានថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយរួមគ្នាកសាងឡើង ដោយបានចំណាយថវិកាអស់ប្រមាណ៣០ម៉ឺនដុល្លារ និងសមិទ្ធផលចាំបាច់មួយចំនួនទៀត ក៏បានកសាងឡើងក្នុងវត្តនេះដែរ ទុកសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនាតរៀងទៅ។

ក្រោយជួបសំណេះសំណាលនោះ រដ្ឋមន្ត្រី វង សូត ក៏បាននាំយកបច្ច័យ ចំនួន៣០លានរៀល ប្រគេនដល់វត្តមុនីរង្សី ហៅវត្តជីមាន់ និងជូនថវិការនឹងសំភារៈដល់ លោកគ្រូ អ្នកគ្រូ ជូនកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងយាយជី តាជី ផងដែរ៕