(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកអ្នកដំណើរ «អូឡុនពេជ្រ» កំពុងរកការរិះគន់មិនសំចៃមាត់ ពីអ្នកធ្វើដំណើរថា បានផ្ទុកមនុស្សច្រើនលើសចំណុះ ពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ដោយមិនគិតពីសុវត្ថិភាព និងផាសុខភាពរបស់អ្នកដំណើរ ដែលផ្ទុយពីការណែនាំរបស់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រុមអ្នកធ្វើដំណើរនៅលើរថយន្ដ ដែលជាអ្នកទិញសំបុត្រពេញថ្លៃនៅរាជធានីភ្នំពេញ បានត្អូញត្អែរពេញក្នុងរថយន្ដ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ ប៉ុន្ដែតៃកុងឡាន និងព្រូឡានហាក់គ្មានអើរពើរទាល់តែសោះ ពោលនៅតែបន្ដដាក់ភ្ញៀវរហូតទាល់តែអស់កន្លែងអង្គុយ។
យ៉ាងណាមិញ អ្នកដំណើរទាំងអស់នោះ បានស្នើឲ្យទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយពិនិត្យមើលក្រុមហ៊ុនដឹកអ្នកដំណើរមួយនេះ និងជួយមានវិធានការដោះស្រាយផង ព្រោះទង្វើទាំងអស់គឺគ្រោះថ្នាក់ខ្លាំងណាស់។
សាររិះគន់របស់អ្នកធ្វើដំណើរ ដែលមានបង្ហោះនៅលើបណ្ដាញសង្គម Facebook បានបញ្ជាក់ថា «ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ អូឡុនពេជ្រ កំពុងបន្ទុកមនុស្សលើសចំណុះ ខណៈធ្វើដំណើរពីភ្នំពេញទៅកោះកុងនៅព្រឹកថ្ងៃទី២២ មេសានេះ។ អ្នកដំណើរម្នាក់ៗ ត្អួញត្អែរ និងព្រូឡានក្រុងនេះ ចេះតែដាក់មនុស្សគ្មានឈប់ហូរហែតាមផ្លូវដោយ មិនគិតពីសុវត្ថិភាពអ្នកដំណើរតែសោះ។ ទោះអង្គុយកៅអីជ័រ ក៏គិតតម្លៃពេញដែរ គឺ២៥០០០រៀល»។
ពលរដ្ឋដំណើរស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នអាជ្ញាធរពាក់ព័ន្ឋ ជួយពិនិត្យមើល និងដោះស្រាយជាបន្ទាន់ផង៕