(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសេវារថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដែលបានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ទៅស្រុកកំណើត ក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងពេលថ្មីៗនេះ ដោយចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ប្រមាណជាង៨,៨៣៥នាក់ បានជិះរថយន្ដក្រុងសាធារណៈទៅស្រុកកំណើត ហើយពេលត្រឡប់មកវិញ មានអ្នកដំណើរប្រមាណ ៥,២៤២នាក់ ដោយមានអ្នកខ្លះមិនទាន់ត្រឡប់មកវិញនៅឡើយ។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយ សហជីពកម្មករ ចំនួន៤,៣៥០នាក់ នៅសាលមហោស្រពកោះពេជ្រ ដែលដកស្រង់សម្ដីដោយ ទំព័រ Facebook ផ្លូវការរបស់សម្ដេច។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូនរបស់ក្រុមហ៊ុនស្រាបៀរ Ganzberg ដែលបានផ្តល់ឡានក្រុងដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺសាលារាជធានីភ្នំពេញ នឹងត្រៀមរថយន្តក្រុងប្រមាណ២០០ឡាន ដើម្បីផ្តល់ការដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដោយមិនយកលុយ ដើម្បីជួយកាត់បន្ថយការចំណាយនានា។
បន្ថែមពីនេះ សម្ដេចប្រមុខ នៃរាជរដ្ឋាភិបាល នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី សូមចូលរួមរក្សា សន្តិភាពឲ្យខានតែបានដើម្បីរក្សាការពារមុខរបរ អាជីព និងការងារ ដែលកំពុងមានសព្វថ្ងៃ។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទូទាំងប្រទេស បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីឲ្យរាជរដ្ឋាភិបាល មានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត៕