(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ាណែត ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា០១ខ្នង ក្នុងសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស គឺមិនចង់ឲ្យកូនចៅជំនាន់ក្រោយ ពិបាកវេទនាដូចជំនាន់មុនទៀត ដែលគិតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានខិតខំកសាងសាលាតាំងពីថ្នាក់មត្តេយ្យរហូតដល់វិទ្យាល័យស្ទើគ្រប់ឃុំទូទាំងប្រទេស។
បើតាមការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត រហូតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសាលាជាង៤០០០ខ្នងជូនកូនខ្មែរសម្រាប់រៀនសូត្រ និងខិតខំកសាងបន្តទៀតដើម្បីបម្រើផលប្រយោជន៍ដល់កូនចៅប្រជាពលរដ្ឋទូទៅ តែអ្នកខ្លះមិនត្រឹមតែមិនដឹង ថែមទាំងរិះគន់សម្តេចថែមទៀត សួរថា តើសាលាដែបានកសាងនេះបើកទ្វារសម្រាប់តែកូនចៅរបស់គណបក្ស ប្រជាជនមែនទេ? អត់ទេ គឺទុកជាប្រយោជន៍រួមឲ្យកូនចៅប្រជាពលរដ្ឋនៅទីនេះ និងកូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីក្រុមប្រឆាំងមួយចំនួន នៅក្រៅប្រទេសមិនត្រឹមតែមិនបានជួយនោះទេ ថែមទាំងមើលងាយប្រព័ន្ធអប់រំនៅកម្ពុជា ដោយប្រៀបធៀប ប្រព័ន្ធអប់រំស្រុកខ្មែរ ថាមិនស្មើប្រទេសបារាំង មើលងាយលោកគ្រូ អ្នកគ្រូ ដែលពួកគាត់ខិតខំបណ្តុះបណ្តាលតាំងពីយើងមិនទាន់មានអ្វីសោះ។
បើតាមលោក ហ៊ុន ម៉ាណែត ការចូលរួមក្នុងការកសាងសមិទ្ធផល គឺមានសារសំខាន់ណាស់ ព្រោះអ្វីទាំងអស់នេះមិនបានបម្រើផលប្រយោជន៍ ឲ្យបុគ្គលណាមួយ ឬបក្សពួកណានោះទេ តែវាជាប្រយោជន៍រួមទាំងអស់គ្នា សម្រាប់កូនចៅយើងជំនាន់ក្រោយ។ គ្រប់ជំនាន់សុទ្ធតែចង់ឲ្យកូនចៅរបស់ខ្លួន បានរៀនសូត្រខ្ពស់ដើម្បីអនាគត តែអកុសលប្រទេសយើងកើតសង្គ្រាម កន្លែងខ្លះគ្មានសាលារៀនដែលគ្រួសារភាគច្រើន បានបង្ខំចិត្តឲ្យកូនចៅចាកចាញឆ្ងាយពីផ្ទះដើម្បីបន្តការសិក្សា។
លោកបានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលបានលះបង់ការលំបាកដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ ព្រោះថាការបណ្តុះបណ្តាលធនធានមនុស្ស ជាការងារសំខាន់ក្នុងការអភិវឌ្ឍប្រទេស យើងដឹងហើយថាគ្រប់វិស័យទាំងអស់ គឺត្រូវការធនធានមនុស្សដើម្បីដឹកនាំ។
ជាមោទនភាពដែលកូនខ្មែរយើងបច្ចុប្បន្នមានសមត្ថភាព ប្រគួតប្រជែងដណ្តើមបានជ័យលាភីជាមួយបរទេស។ ការដឹកនាំប្រទេសយើងបានរីកចម្រើន ដូចសព្វថ្ងៃនេះ គឺបានដោយសារកូនខ្មែយើងសុទ្ធសាធ មិនមានបរទេសណាមកដឹកនាំនោះទេ ទាំងនេះគឺសុទ្ធតែកើតចេញពីការបណ្តុះបណ្តាលក្នុងប្រទេស ចាប់ពីសម័យក្រោយសង្គ្រាម។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា ចុងបញ្ចប់នៃពិធី លោក ហ៊ុន ម៉ាណែត បានប្រកាសផ្តល់ជូនអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ នូវអាគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូចំនួន០១ខ្នង កន្លែងសម្រាប់លាងដៃសិស្សានុស្ស០១កន្លែង បង្ហើយរបងព័ទ្ធជុំវិញសាលា ម៉ាស៊ីនកុំព្យូទ័រចំនួន០២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន០១គ្រឿង ផ្តល់ជូនរដ្ឋបាលសាលាស្រុក នូវម៉ាស៊ីនកំព្យូទ័រ០១គ្រឿង និងម៉ាស៊ីនព្រីនធើ០១គ្រឿងផងដែរ៕