(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សព្វថ្ងៃនេះវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម គឺបានចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន ហើយបរិយាកាសការងារល្អ នៅតាមបណ្តារោងចក្រនានា គឺបានជួយជំរុញដល់លើកកម្ពស់គុណភាព វិស័យឧស្សាហកម្មផងដែរ។
នេះបើតាមទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលដកស្រង់ប្រសាសន៍ ក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយ សហជីពកម្មករ ចំនួន៤,៣៥០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ។
ក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ គឺជាការស្វែងយល់ពីសុខទុក្ខ សកម្មជនសហជីពសាខាគណបក្សតាមរោងចក្រ សមាគមបុគ្គលិកសិក្សា និងបងប្អូនតំណាងកម្មករទូទាំងប្រទេសផង និងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្ម អន្តរជាតិ១ឧសភា ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកជួបសំណេះសំណាល ជាមួយសហជីពកម្មករ ក៏ដូចជា ការអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលកម្ពុជាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត និងគាំទ្រចំពោះការខិតខំប្រឹងប្រែង របស់កម្មករកម្មការនី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើន និងអភវិឌ្ឍន៍របស់ប្រទេសកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ ហើយអ្វីដែលយើងសម្រេចបានទាំងអស់នេះ គឺដោយសារតែកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕