(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយមន្ទីរវប្បធម៌ខេត្តជាំងស៊ូ ប្រទេសចិន និងមណ្ឌលវប្បធម៌ចិនប្រចាំរាជធានីភ្នំពេញ ក្រោមការគាំទ្រដោយសហគ្រាសវប្បធម៌ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជា-ចិន បានរៀបចំពិព័រណ៍វប្បធម៌របស់ប្រទេសចិន ឆ្នាំ២០១៨ និងសម្តែងសិល្បៈចម្រុះកម្ពុជា-ចិន ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ នៅសាលមហោស្រពចតុមុខ។
ក្នុងព្រឹត្តិការណ៍ដ៏អធឹកអធ័ម នារាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌កម្ពុជា បានថ្លែងថា កម្មវិធីនេះបានចូលរួមជាកម្លាំងដ៏ខ្លាំងក្លា នូវចំណងដួងចិត្តរវាងប្រជាជាតិទាំងពីរ នៅក្នុងយុទ្ធសាស្រ្ត «ខ្សែក្រវាត់មួយ ផ្លូវមួយ» និងឈរលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។
លោករដ្ឋលេខាធិការបានបន្តថា កម្មវិធីដ៏ពិសេសនេះ បានគាស់រំលើង និងរម្លឹកឡើងវិញ នូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ ដែលមានអាយុកាលមិនតិចជាង ២០០០ឆ្នាំ មកហើយ។
លោក ស៊ី ស៊ីនហ័រ ប្រធានមន្ទីរវប្បធម៌ខេត្តជាំងស៊ូ បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ មានគោលបំណងសំខាន់៤យ៉ាង រួមមាន៖
១៖ ចូលរួមអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។
២៖ បង្កើនកិច្ចសហប្រតិបត្តិការ និងការចែករំលែកពុទ្ធិ និងបទពិសោធន៍ផ្នែកវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ខេត្តជាំងស៊ូ។
៣៖ ការលើកកម្ពស់ផលិតផលវប្បធម៌។
៤៖ ការរម្លឹកកឡើងវិញនូវវប្បធម៌ អារ្យធម៌ របាំ សិល្បៈ និងផ្ទាំងទស្សនីយភាពនានា ដែលបានបង្កើតឡើងតាំងពីអតីតកាលរៀងមក។
ជាមួយគ្នានោះ លោកស្រី ជ័រ វិនស៊ីង ភារធារីទីមួយនៃស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា កម្ពុជា-ចិន កំពុងរួមចំណែកជាមួយគ្នា ដើម្បីបង្កើនឥស្សរភាព និងឧត្តមភាពនៃចំណងការទូតរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែប្រសើរ។
លោកស្រី ជ័រ បានបន្តថា ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការចែករំលែកពុទ្ធិ និងបទពិសោធន៍ផ្នែកវប្បធម៌នៃប្រជាជាតិ ពិតជាពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមេត្រីភាព និងចីរភាពនៃទំនាក់ទំនងដ៏ស្អិតល្មួត និងជាប្រពៃណីនៃប្រជាជាតិទាំងពីរនេះផងដែរ៕