(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ សហជីពរាប់ពាន់នាក់ ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ពិធីនេះ ក៏ធ្វើឡើងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ឧសភាផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការចុះសំណេះសំណាលជាមួយ កម្មករ កម្មការិនី តាមរោងចក្រនានា ក្នុងប្រទេសកម្ពុជា រៀងរាល់សប្តាហ៍ ដែលក្នុងនោះមានថ្ងៃអង្គារ ដើម្បីចុះជួបកម្មករ តាមរោងចក្រ និងយកថ្ងៃអាទិត្យដើម្បីជួបជាមួយតំណាងកម្មករ សហជីព ។
តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមជាច្រើនរបស់កម្មករ កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។
តាមរយៈជំនួបដោយផ្ទាល់ជាបន្តបន្ទាប់នេះសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ បានសម្រេចផ្តល់ជាកញ្ចប់អត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនកម្មករ និយោជិត ដែលរួមមានដូចជា៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។
* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។
* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និងតាមមន្ទីរពេទ្យចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គមដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨នេះតទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* ជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារនៅឆ្នាំ២០១៨នេះ។
* ហាមមិនឲ្យមានការដំឡើងថ្លៃឈ្នួលផ្ទះ ឬ បន្ទប់ នៅក្នុងឆ្នាំ២០១៨។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។
* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ បន្ទាប់ពីគេបម្រើការងារចាប់ពី២៥ឆ្នាំឡើង។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។