(ព្រះសីហនុ)៖ ចោរមួយក្រុមមានគ្នា៣នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច នៅចំណុចក្រុម២៤ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ តែពេលកំពុងដឹកមកលក់នៅរាជធានីភ្នំពេញ មិនទាន់ដល់ពាក់កណ្ដាលផ្លូវផង ក៏ត្រូវសមត្ថកិច្ចបង្ក្រាបនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោយកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានទទួលបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះ ហើយភ្លាមនោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងបើកប្រតិបត្តិការភ្លាមៗ ដោយមានការសហការគ្នារវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល និងនគរបាលស្រុកព្រៃនប់។
ស្ដ្រីជនរងគ្រោះឈ្មោះ សុខ ស្រីសរ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ បានបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកស្តុបពី ពណ៌ស ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៥០៥០៦៩២។ ដោយឡែកជនសង្ស័យទាំង៣នាក់ ទី១៖ឈ្មោះ ជា លក្ខណាបញ្ញា ហៅម៉ិញ អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ សុំ រ៉ាវី អាយុ២៥ឆ្នាំ និងទី៣៖ឈ្មោះ ពៅ ណាឃីម អាយុ២៣ឆ្នាំ។
បើតាមលោកឧត្តមសេនីយ៍ កុល ផាលី ក្រោយបង្ក្រាបបាន កម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូ០១គ្រឿង ម៉ាកស្តុបពី ដែលជារបស់ជនរងគ្រោះ និងរថយន្ត០១គ្រឿង ម៉ាកកាំម៉ារីឆ្លាម ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ២L-០១២០ ដែលជាមធ្យោបាយសម្រាប់ដឹកម៉ូតូយកទៅលក់នៅភ្នំពេញ។
សូមជម្រាបថា ករណីនេះនៅពេលដែលជនសង្ស័យធ្វើសកម្មភាព លួចកាច់បំបែកសោរកម៉ូតូរួចហើយ បក្ខពួកទាំង៣នាក់បានយកម៉ូតូ ម៉ាកស្កុបពី ដែលពួកគេលួចបាន ដាក់នៅពីក្រោយរថយន្ត ម៉ាកកាំម៉ារីឆ្លាម ដើម្បីជិះគេចខ្លួន និងបន្លំភ្នែកសមត្ថកិច្ច តែកម្លាំងជំនាញ បានប្រើប្រាស់នូវវិធានការជំនាញ ធ្វើការបង្ក្រាបបានទាំងស្រុង។ បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕