(កំពង់ចាម)៖ នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ក្នុងបណ្តាឃុំទាំង៨ នៃស្រុកចំការលើ ចំនួន២៥៧នាក់។
ក្នុងពិធីនោះ ក៏មានការចូលរួមពី លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ និងអតីតយុទ្ធជនទាំងអស់ នាយឧត្តមសេនីយ គន់ គីម បានជម្រាបជូនអំពីប្រវត្តិ និងលទ្ធផលការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលរយៈពេលក្រោយការបង្កើត ជិត១១ឆ្នាំកន្លងមក ពិសេសជាង២ឆ្នាំចុងក្រោយនេះ សមាគមបានជំរុញសកម្មភាពឲ្យកាន់តែកៀកជិតស្និទ្ធ ជាមួយសមាជិកនៅមូលដ្ឋាន។
នាយឧត្តមសេនីយ៍ បានបន្ដថា ការចុះជួបសាកសួរ សុខទុក្ខយ៉ាងមមាញឹករបស់ថ្នាក់ដឹកនាំ ចំពោះអតីតយុទ្ធជន និងគ្រួសារតាមគ្រប់រូបភាព គ្រប់ទីកន្លែងកន្លងមក បានពង្រឹងនូវភាពកក់ក្តៅបង្កជំនឿទុកចិត្ត របស់បងប្អូនលើសមាគម និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន។
ជាមួយគ្នានេះ លោក គួច ចំរើន បានថ្លែងថា សន្តិភាពដែលគ្របដណ្តប់ពេញផ្ទៃប្រទេស ដូចសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់បានពីការលះបង់ដ៏ធំធេង របស់វីរអតីតយុទ្ធជនបានឡើយ។ ដូចនេះការគិតគូរពីសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ហើយលោកបានសន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត និងខិតខំចលនាកៀងគរ សប្បុរសជននានា ដើម្បីដោះស្រាយបញ្ហា និងទុក្ខកង្វល់របស់បងប្អូន។
សូមបញ្ជាក់ថា កន្លងមកនេះក្នុងគោលដៅលើកកំពស់ជីវភាពជូនអតីតយុទ្ធជន នាយឧត្តមសេនីយ គន់ គីម ធ្លាប់បានសំណូមពរឲ្យគណៈកម្មាធិការសមាគមខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្ត គោលដៅទាំង១៣ឲ្យពង្រឹងវិធានការ ថែរក្សា និងគ្រប់គ្រង ដីបម្រុងទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលមានលើទីតាំងនៃខេត្តគោលដៅទាំងនេះ ឲ្យបានម៉ឺងម៉ាត់សម្រាប់រៀបចំជាតំបន់ អភិវឌ្ឍន៍អតីតយុទ្ធជន និងដើម្បីរៀបចំបែងចែក ជូនសមាជិកសមាគម ដែលខ្វះខាតពិតប្រាកដដើម្បីបានអាស្រ័យផល។
លោកតា គឹម ឆន អាយុ៨៥ឆ្នាំ ដែលមានកូនប្រុសជាសេនាជនឃុំ បានពលីកាលពីឆ្នាំ១៩៩២ បានសម្តែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់មេដាយការពារជាតិជូនពួកគាត់ ហើយគាត់ថា «មានសម្តេចតេជោ ទើបប្រទេសជាតិ មានសន្តិភាព និងមានការអភិវឌ្ឍន៍»៕