(ភ្នំពេញ) ៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសួសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាសមាជិកបក្សប្រជាជនកម្ពុជា ប្រមាណ១៥០០នាក់ ក្នុងខណ្ឌមានជ័យ ។
ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅ ខនដូសុភមង្គល ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីលោកពេជ្រ កែវមុនី ជាប្រធានគណៈពង្រឹង គណបក្សប្រជាជនកម្ពុជា ចុះជួយ សង្កាត់ស្ទឹងមានជ័យទី២ និងលោកស្រី ទាវ ធីតា អនុប្រធានគណៈពង្រឹងគណបក្សប្រជាជន ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ រួមទាំងសមាជិក គណៈពង្រឹងជាច្រើនរូបទៀតជាងជិត២ពាន់នាក់ ។
ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស បានលើកយកពាក្យផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ដែលបានចូលរួមនៅក្នុងពិធីនោះ ។
លោកបានលើកឡើងបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តែងតែយកចិត្តទុក្ខដាក់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ ជាមួយនឹងការខឹតខំប្រឹងប្រែងអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនគ្រប់វិស័យ ដូចឃើញនឹងភ្នែកស្រាប់ ។
ជាមួយគ្នានេះ លោកបានលើកឡើងបន្តថា ឱកាសដែលរាជរដ្ឋាភិបាល អាចមានពេលអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន និងប្រជាពលរដ្ឋ មានឱកាសក្នុងការប្រកបអាជីវកម្មនានា រួមទាំងការដើរលេងកំសាន្តដោយសេរីគ្រប់ទីកន្លែងបានដោយសារស្ថិរភាពនយោបាយ និងការរក្សាបាននូវសន្តិភាព ។
បន្ថែមពីលើនេះ លោកប៉ា សុជាតិវង្ស បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលចួលរួមក្នុងពិធីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ថែរក្សាឲ្យបាន នូវសមិទ្ធិផល ដែលមាននាពេលបច្ចុប្បន្ន និងរក្សានូវសន្តិភាព ឲ្យបានគង់វង្សដើម្បីឲ្យកម្ពុជា កាន់តែមាន ឱកាសអភិវឌ្ឍប្រទេស ជឿនលឿន ទៅមុខទៀត ។
ជាចុងក្រោយ លោកប៉ា សុជាតិវង្ស បានថ្លែងអំណគុណ ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានគាំទ្រគណបក្សប្រជាជន នាពេលកន្លងមក និង បន្តគាំទ្រជាបន្តទៀតដើម្បីទុកឱកាសឲ្យគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ ប្រទេស ឲ្យកាន់តែរីកចម្រើនបន្តទៀត៕