(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រឹងប្រែងធ្វើអំពើល្អ ហើយត្រូវមានការសម្រេចចិត្តឱ្យបានត្រឹមត្រូវ មុននឹងជឿលើអ្វីមួយ ពោលមិនត្រូវជឿលើការឃោសនា ឬការសន្យាខ្យល់របស់ជនខិលខូចនោះឡើយ ជាពិសេសនោះ យើងទាំងអស់គ្នាត្រូវរួមគ្នា ថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីរក្សាសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋបន្តការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិបន្ត។
លោក ជា អឿង លើកឡើងបែបនេះ ក្នុងឱកាសដែលលោក អញ្ចើញចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមការងារបក្សឃុំផាន់ញើម ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ។
នៅក្នុងឱកាសនោះលោក ជា អឿង ក៏បានសុំឱ្យថ្នាក់ដឹកនាំបក្សភូមិ-ឃុំ ប្រធានក្រុមបក្សត្រូវតែរៀបចំទំាងកាយវិការ អត្តចរិក ទាំងឯកសណ្ឋាន ឱ្យមានលក្ខណៈជាអ្នកដឹកនាំ ដើម្បីឱ្យសមាជិកបក្ស ទាំងអស់មានទំនុកចិត្ត និងមានលទ្ធភាពដោះស្រាយគ្រប់បញ្ហា ត្រូវមានភាពទទួលខុសត្រូវ បែងចែកតួនាទីការងារឱ្យបានច្បាស់លាស់ ដើម្បីជាដើមទុនសម្រាប់ការទទួល ជោគជ័យក្នុងការបោះឆ្នោតជាតិ ខាងមុខនេះ។
លោក ជា អឿង ក៏បានផ្តាំផ្ញើ និងណែនាំឱ្យប្រធានក្រុមការងារបក្សឃុំ ជំរុញឱ្យសមាជិកបក្សទាំងអស់បន្តធ្វើបច្ចុប្បន្នភាព ដើម្បីបង្កើនសមាជិកបក្ស និងត្រូវសិក្សាពីគោលបំណង និងសេចក្តីត្រូវការរបស់សមាជិកបក្ស ពន្យល់ណែនាំឱ្យប្រជាពលរដ្ឋយល់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕