(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការដាច់ចរន្តអគ្គិសនី នៅសង្កាត់ចំនួន៣ គឺសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះ នៃខណ្ឌឬស្សីកែវ ចាប់តាំងម៉ោង១០៖១៣នាទីព្រឹកមក គឺដោយសារតែការដ្ឋានសំណង់របស់ក្រុមហ៊ុនជីបម៉ុងលែន កាយប៉ះកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី។
អគ្គិសនីកម្ពុជាបានបញ្ជាក់ករណីដាច់ចរន្តអគ្គិសនីនៅតំបន់ខាងលើយ៉ាងដូច្នេះថា «ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F27) មូលហេតុបណ្តាលមកពីការដ្ឋានសំណង់ របស់ក្រុមហ៊ុនជីបម៉ុងលែន កាយប៉ះកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ ១) តាមបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវជាសុផារ៉ា ភូមិបឹងឈូក និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ (២)ភូមិលូ ភូមិឡកំបោរ និងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក (៣)ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»។
អគ្គិសនីកម្ពុជាបានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការប្តូរប្រភពផ្គត់ផ្គង់ ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យ មានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤៖៣០នាទីរសៀល។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕