(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសបញ្ចូលមន្ត្រីគណៈកម្មាធិការ សមាជិក សមាជិការថ្មី ចំនួន១២៥រូប។ ពិធីនេះក៏មានការចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ សុខ ភាព អនុប្រធានថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ, លោក ឡាយ គឹមលី អនុប្រធានថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លោក សួន បវរ ប្រធានបក្ស CPP ខេត្តបន្ទាយមានជ័យ, លោកសាន ស៊ានហូ ប្រធានបក្ស CPP ក្រុងប៉ោយប៉ែត។
លោក សួន បវរ បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំ នាវាកម្ពុជា មានការរីកចម្រើនទាំងក្នុងកំរិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ទៅលើវិស័យ៤ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងមនុស្ស។
លោក សួន បវរ បានបន្ថែមថា «ជាការពិតណាស់យើងទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ យើងរួមគ្នាថែរក្សាសន្តិភាព នេះឱ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយឱ្យមានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាពដែលកើតឡើង ពីនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានជាដាច់ខាត»។
លោក សួន បវរ បានបញ្ជាក់ប្រាប់ទៅសមាជិកសមាជិការ ទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុកនៅជាមួលពលរដ្ឋ ឬឯបក្សផ្សេងមិនដែលធ្វើអ្វីសោះបានតែថា មិនឃើញធ្វើអ្វីនោះទេ គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលសង្គមហើយ គណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយដោយសារមេបក្សរូបនេះ រងការចោទប្រកាន់ក្បត់ជាតិផងដែរ។
លោកប្រធានក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឃុំសង្កាត់-ក្រុង-ស្រុក ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋ ឱ្យបានកាន់តែបានល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹងយល់ជ្រួតជ្រាបចៀសវាងមានការថ្នាំងថ្នាក់ណាមួយ៕