(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារចុះជួយឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានជំរុញឱ្យមន្ត្រីនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវបង្កើតសមត្ថភាព ឱ្យខ្លាំងខ្លាបន្ថែមទៀត ដើម្បីដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ ជាពិសេសត្រូវបម្រើសេវាសាធារណៈឱ្យបានឆាប់រហ័សជូនពួកគាត់។
លោក មាស ប៊ុនឡី បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមសំណេះសំណាលជាមួយ សមាជិកបក្សជិត១០០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោក មាស ប៊ុនឡី ក៏បានពាំនាំនូវការសាកសួរសុខពីសំណាក់លោក ចៅ ភិរុណ ប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រុំ ដែលជានិច្ចកាលតែងនឹករលឹកដល់បងប្អូន ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រុំ ហើយបានខិតខំជួយកសាងសមិទ្ធជាច្រើន នៅមូលដ្ឋានមួយនេះផងដែរ។ ជាពិសេស ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃ ជូនពួកគាត់ដូចជាការដោះស្រាយ លិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឱ្យបានឆាប់រហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងមានអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌ របស់មន្ត្រី ហើយនឹងប្រាកដជាទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ជាក់ជាមិនខាន។
លោក មាស ប៊ុនឡី បានរំលឹកពីប្រវត្តិប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់មនុស្សស្លូតត្រង់ អស់ជិត៣លាននាក់ ហើយបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធដល់ ឫសគល់។ ថ្ងៃ៧មករាឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ បានរំដោះប្រទេសតាំងពីបាតដៃទរទេ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយកដ្ឋមន្ត្រី បាននាំមកសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ និងនយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញទទួលបានជោគជ័យ គឺខ្មែរតែមួយ។
ជាចុងបញ្ចប់លោក មាស ប៊ុនឡី ក៏បានអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតបោះជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវគៀងគរ សមាជិកថ្មី ឱ្យបានច្រើនបន្ថែមទៀតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិដើម្បីបានកសាងប្រទេស ឱ្យរីកចម្រើនជាបន្តបន្ទាប់ទៀតផងដែរ៕