(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ ខេត្តកំពង់ធំ បានប្រកាសបញ្ចូលក្រុមយុវជនជំនាន់ក្រោយ ជាសមាជិកពេញសិទ្ធិគណបក្សចំនួន៥៣៤នាក់ បន្ថែមទៀត ដែលមកពីឃុំចំនួន៣ រួមមាន ឃុំសណ្តាន់ ឃុំងន និងឃុំឈើទាល ដើម្បីពង្រឹងកម្លាំងថ្នាក់មូលដ្ឋានកាន់តែខ្លាំងឡើង។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមវត្តមានលោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត កំពង់ធំ នៅទីស្នាក់ការគណបក្សស្រុកសណ្តាន់ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ។
លោក សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនៗ ដែលជាសមាជិកគណបក្សប្រជាជនថ្មី បន្ទាប់ពីសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ជួយស្រោចស្រង់ប្រទេសជាតិ ឱ្យមានការអភិវឌ្ឍន៍ រីកចំរើនរហូត មកដល់សព្វថ្ងៃនេះ។
លោក សុខ លូ បានបន្តថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបើកទ្វារជានិច្ចស្វាគមន៍ចំពោះការ ចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឱ្យកាន់តែរីកចំរើនថែមទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្ស ខ្លះនោះទេ ផ្ទុយទៅវិញយើងនាំគ្នាកសាងប្រទេសយើង ឱ្យមានការរីកចម្រើនជឿនលឿនរុងរឿងថែមទៀត»។
ជាមួយគ្នានោះលោក សុខ លូ បានសំណូមពរដល់សមាជិកថ្មីទាំងអស់ ដែលបានបញ្ចូលជាសមាជិកបក្សនៅពេលនេះ ត្រូវរួមសាមគ្គីគ្នា ឱ្យរឹងមាំផ្សព្វផ្សាយ ពីគោលនយោបាយ បក្សឱ្យបានជ្រូតជ្រាបដល់ប្រជាពលរដ្ឋ ហើយនៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវចេះដឹកនាំ សមាជិកបក្ស ក៏ដូចជា ក្រុមគ្រួសារបងប្អូនឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាបោះឆ្នោតគូស ឱ្យចំគណបក្សប្រជាជនកម្ពុជាម្នាក់ ឱ្យបានមួយសន្លឹកដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំប្រទេស និងមានការអភិវឌ្ឍនបន្តទៅទៀត៕