(កំពង់ចាម)៖ លោក ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកឧកញ៉ា ឡូវ សុខសាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់ បណ្ណាល័យ០១ខ្នង ដែលនឹងត្រូវចំណាយថវិកាប្រមាណ១៣៥០០ដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍ អំពីអំណោយរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖ កសាងកុដិវត្តទងត្រឡាច, ឧបត្ថម្ភចាក់ដីកសាងផ្លូវ លំ០១ខ្សែ នៅភូមិទងត្រឡាច, ឧបត្ថម្ភកសាងសលាឆ័នវត្តចន្លាត់ដៃ, ឧបត្ថម្ភកសាងកុដិវត្តបឹងទីង, ឧបត្ថម្ភអគារបណ្ណាល័យ០១ខ្នង, សាលារៀនបឹងទីង, ឧបត្ថម្ភកសាងបន្ទប់ទឹក, ឧបត្ថម្ភរបងសាលា អនុវិទ្យាល័យទងត្រឡាច, ឧបត្ថម្ភតុរោង, ឧបត្ថម្ភការកសាងរបងសាលាឃុំ, ប៉ុស្ត៍ទងត្រឡាច, ឧបត្ថម្ភការកសាងសាលាឃុំខ្នាសរ, ឧបត្ថម្ភដល់អ្នកជំងឹរលាកខួរក្បាល, ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ កាយរិទ្ធ សិស្ស ព្រះសង្ឈ តាជី យាយជី ប្រជាការពារ ដែលសរុបថវិកាប្រមាណ១៥៩.៧៩២ដុល្លារ។
លោក ឡូវ ហ៊ឹង បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ឡូវ ហឹង ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគ គ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិឃុំ របស់យើងក៏ដូចជា នៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ។
លោកបានបន្តទៀតថា «យើងនឹងខិតខំកសាងបរិស្ថានសាលារៀន (សាលារៀនស្អាត មានទឹកស្អាត បង្គន់អនាម័យស្អាតសមរម្យ សួនកំសាន្ត ដើម្បីទាក់ទាញកុមារឲ្យចង់ចូលសាលារៀន...)។ ចំពោះការអប់រំបឋមសិក្សាប្រែក្លាយសាលាកុមារមេត្រី ដោយអភិវឌ្ឍន៍ទៅជាសាលារៀនជំនាន់ថ្មី ពង្រឹងសមត្ថភាពគ្រូបង្រៀន លើកម្មវិធីអំណានអក្សរ និងគណិតវិទ្យា ថ្នាក់ដំបូង និង វិធីសាស្ត្របង្រៀន ពង្រឹងការគ្រប់គ្រងសាលារៀន (វាយតម្លៃពីគ្រប់កម្រិតថ្នាក់រៀន របបប្រជុំបច្ចេកទេស អធិការកិច្ច) និងលើកទឹក ចិត្តគ្រូ»។
ជាមួយគ្នានេះលោក ឡូវ ហ៊ឹង ក៏បានប្រគល់ថវិកា១៣៥០០ដុល្លារ សំរាប់សាងសង់បណ្ណាល័យ ថ្នាំពេទ្យមួយចំនួន អាងសីមី៦០០អាវ និងថវិកា៤០០ដុល្លារ សម្រាប់ឯកសណ្ឋានប្រជាការពារ២០កំប្លេរ៕