(ភ្នំពេញ)៖ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា បានអញ្ជើញជាអធិបតីភាព និង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលមូលនិធិសកលកម្ពុជា នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នេះ។
កិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិក សមាជិកាចំរុះ ដែលមានតំណាងពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូត នៃប្រទេសម្ចាស់អំណោយ ដែលផ្តល់ជំនួយហិរញ្ញទាន ដល់គម្រោងមូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាងប្រជាជន ដែលមានជំងឺ និងឬរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់។
កិច្ចប្រជុំពេញអង្គ គណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជាពេលនេះ បានពិនិត្យ ពិភាក្សាជាចំបងលើសំណើគម្រោងជំនួយ ប្រយុទ្ធនឹងជំងឺរបេងសំរាប់ប្រជនចល័ត និងប្រជាឆ្លងដែន ទៅធ្វើការនៅក្រៅប្រទេស។
ដោយសារសេវាថែទាំសុខភាព ព្យាបាលអ្នកជំងឺរបេង ត្រូវការព្យាបាលក្នុងអំឡុងពេលច្រើនខែ ហើយការព្យាបាលត្រូវតែមាននិរន្តភាព ដើម្បីជៀសវាងភាពស៊ាំថ្នាំ ប្រឆាំងមេរោគរបេងនោះ ប្រទេសក្នុងតំបន់បាន និងកំពុង រៀបចំកិច្ចសហការឆ្លងប្រទេស ដើម្បី ផ្តល់សេវាថែទាំព្យាបាល និង រក្សានិរន្តភាព នៃការព្យាបាលជូនពលករ ចំណាកស្រុក ឬ ប្រជាជនចល័ត ដែលផ្លាស់លំនៅតាមរប អាជីពចិញ្ចឹមជីវិត។
គួររំឭកថា នៅក្នុងឆ្នាំ២០១៧ ពលករចំណាកស្រុក ទៅក្រៅប្រទេស ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និង សិង្ហបុរីមានចំនួន ២៧៧ ៦២៦ នាក់ក្រោមអនុសារណ រវាង កម្ពុជា និង ប្រទេសទទួល កំលាំងពលករ។ ចំណែកពលករចំណាកស្រុកកម្ពុជា នៅប្រទេសថៃមានប្រមាណ ៨៥ ម៉ឺន នាក់ រួមទាំងពលករ ពុំទាន់មានឯកសារគ្រប់គ្រាន់ផង៕