(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសានេះ តាមរយៈ Facebook សម្តេចបានណែនាំឲ្យយុវជនយុវតីខ្មែរ ខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងជំនាញបច្ចេកទេសច្បាស់លាស់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារសេរី និងទទួលបានការងារល្អ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា នៅពេលបច្ចុប្បន្ននេះ កុំថាឡើយការងារក្នុងការិយាល័យ សូម្បីការងារក្នុងរោងចក្រក៏ម្ចាស់ក្រុមហ៊ុនត្រូវការបុគ្គលិក ដែលមានជំនាញ និងសមត្ថភាពល្អច្បាស់លាស់ដែរ។ ការអភិវឌ្ឍធនធានមនុស្ស គឺនៅតែជាកត្តាអាទិភាពចម្បងរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល យុវជនយុវតីត្រូវខិតខំយកចិត្តទុកដាក់ មិនធ្វេសប្រហែសក្នុងការសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងជំនាញបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារសេរី។ ព្រោះថាអ្នកចេះ និងមានជំនាញច្បាស់លាស់ ទើបទទួលបានការងារល្អ»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលលើកឡើងទៀតថា នៅក្នុងឆ្នាំថ្មី២០១៨នេះ សម្តេចរំពឹងដោយជំនឿទុកចិត្តយ៉ាងមុតមាំ ចំពោះកំណើនសេដ្ឋកិច្ចជាតិ ដែលនឹងស្ថិតនៅក្នុងរង្វង់៧%។ ក្នុងនោះវិស័យឯកជនបានចូលរួមអភិវឌ្ឍន៍ប្រទេសយ៉ាងសំខាន់។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «គ្មានវិនិយោគគិនណា ពាណិជ្ជករណា ឬទេសចរណាមកវិនិយោគ ឬមកកំសាន្តនៅក្នុងប្រទេសដែលមានសង្រ្គាមនឹងគ្មានស្ថិរភាពឡើយ។ សន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាងដល់ពលរដ្ឋកម្ពុជាទាំងអស់គ្នា ដែលយើងរកបានដោយលំបាកខ្លាំងណាស់»៕