(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ មកពីប្រទេសឥណ្ឌូនេស៊ីឈ្មោះ Lion Airline ដែលមានយន្តហោះជិត ៣០០គ្រឿង គ្រោងបើកក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីភ្ជាប់ការហោះហើរ ពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសផ្សេងៗទៀត។
គម្រោងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបរវាង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយតំណាងជាន់ខ្ពស់ក្រុមហ៊ុនអាកាសចរណ៍ Lion Airline របស់ឥណ្ឌូនេស៊ី នារសៀលថ្ងៃទី២០ ខែមេសា ឆ្នា២០១៨នេះ។
លោក ស៊ីន ច័ន្ទសិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍សុីវិលបានបញ្ជាក់ថា គោលបំណងរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Airline ដែលបានមកពិភាក្សានោះ មានពីរធំៗគឺ៖
ទី១៖ មកស្វែងយល់ពីលក្ខខណ្ឌតម្រូវការថា តើប្រទេសកម្ពុជាអាចមានសក្តានុពលកម្រិតណា ហើយគេអាចបង្កើតគម្រោងហោះហើរយ៉ាងដូចម្តេចខ្លះ?
ទី២៖ តើក្រុមហ៊ុនអាចប្រើប្រាស់ជើងហោះហើរ ទៅវិញទៅមក រវាងម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី មកកាន់កម្ពុជា និងទៅប្រទេសផ្សេងៗទៀត ឬយ៉ាងណា?
អ្នកនាំពាក្យរូបនេះបន្តថា ជំនួបនេះគឺជាដំណាក់កាលដំបូង ដើម្បីយកទៅសិក្សាបន្ថែម ហើយខាងក្រុមហ៊ុន នឹងមកពិភាក្សានៅថ្ងៃក្រោយបន្ថែមទៀត មុននឹងដាក់ជូនដល់ថ្នាក់ដឹកនាំក្រុមហ៊ុនពិនិត្យ អំពីដំណើរការគម្រោងនេះ៕