(ភ្នំពេញ)៖ ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Zuo Wenxing នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងវិស័យព័ត៌មានវិទ្យា ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិ នៃអង្គភាពព័ត៌មាន Fresh News ព្រមទាំងបានផ្លាស់ប្ដូរនូវព័ត៌មានពីគ្នាទៅវិញទៅមកក្នុងភាពជាដៃគូ អស់រយៈពេលជាង២ម៉ោង។
កិច្ចពិភាក្សាលើកដំបូងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធ ពោលគឺចំពេលដែលអង្គភាពព័ត៌មាន Fresh News ទើបតែបន្ថែមនូវការផ្សព្វផ្សាយព័ត៌មានជាភាសាចិន ដែលជាភាសាទី៣ នៃការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន បន្ទាប់ពីខេមរភាសា និងភាសាអង់គ្លេស ទៅកាន់មហាជនទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងទូលំទូលាយ ខណៈដែលទំនាក់ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ វិនិយោគ និងទំនាក់ទំនងលើវិស័យជាច្រើនទៀតរវាងកម្ពុជា-ចិន កំពុងមានភាពជិតស្និទ្ធគួរឲ្យកត់សម្គាល់។
ជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ លោកស្រី Zuo ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍ចំពោះការចេញផ្សាយព័ត៌មានជាភាសាចិន នៅលើប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ដែលលោកស្រីបានកោតសរសើរថា ជាបណ្ដាញព័ត៌មានដ៏ល្បីជាងគេនៅកម្ពុជា ទទួលបានការទស្សនាពីសំណាក់មហាជន មិនតិចជាងលាននាក់ឡើយ។ លើសពីនេះទាំងប្រជាពលរដ្ឋខ្មែរនៅប្រទេសចិន និងប្រជាជនចិនផ្ទាល់ ក៏កំពុងចាប់អារម្មណ៍ និងតាមដានទស្សនាការផ្សាយរបស់បណ្ដាញ ព័ត៌មានដ៏ធំនេះ ក្នុងនោះស្ថានទូតចិនបានតាមដានរាល់ការចេញផ្សាយរបស់ Fresh News ផងដែរ។
ភាគីស្ថានទូតចិនក៏បានអំពាវនាវ និងជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយថែមទៀតផងដែរ ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនងលើវិស័យព័ត៌មានវិទ្យាពីកម្ពុជាទៅកាន់ សាធារណរដ្ឋប្រជាមានិតចិន និងពីចិនមកកាន់កម្ពុជា ដែលការលើកឡើងនេះទទួលបានការគាំទ្រយ៉ាងក្លៀវក្លា ពីសំណាក់នាយកប្រតិបត្តិ លឹម ជាវុត្ថា។
អស់រយៈពេលជាង២ម៉ោង ភាគីទាំងពីរពិតជាបានបញ្ជាក់ពីការគាំទ្រ និងស្វាគមន៍គ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាលបំផុតមិនធ្លាប់មានពីមុនមក ថែមទាំងបញ្ជាក់ពីភាពរីករាយក្នុងការទំនាក់ទំនង និងផ្លាស់ប្ដូរបទពិសោធន៍ ក្នុងភាពជាដៃគូជាមួយគ្នាតទៅមុខទៀតផងដែរ៕