(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយសិស្សពូកែ ទូទាំងខេត្តចំនួន១៥នាក់ (ថ្នាក់ទី៩ ចំនួន៩នាក់ និងថ្នាក់ទី១២ ចំនួន៦នាក់) ព្រមទាំងបានផ្ដល់រង្វាន់លើកទឹកចិត្ត និងបណ្ណសរសើរដល់សិស្សពូកែ ថ្នាក់ខេត្តដើម្បីលើកទឹកចិត្តមុនការប្រឡងថ្នាក់ជាតិ ដែលនឹងចូលមកដល់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅមណ្ឌលប្រលង វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនៃមន្ទីអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយក នាយករង លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល ដែលរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ណែនាំបង្ហាត់បង្រៀន ផ្តល់ចំណេះដឹងដល់សិស្សានុសិស្សក្រេបជញ្ជក់ ដើម្បីឱ្យក្លាយជាធនធានមនុស្ស សាកសមជាសសរទ្រូងប្រទេសជាតិ ជាពិសេសធ្វើឱ្យដំណើរការ នៃការប្រឡងជ្រើសរើសសិស្សពូកែទូទាំងខេត្ត បានបញ្ចប់ដោយជោគជ័យ។
លោកបន្តថា តាមរយៈគោលដៅ និងសកម្មភាព ដែលកំណត់ក្នុងគម្រោង ក្រោមទិសស្លោក «ការអប់រំជាភារកិច្ចរបស់យើងទាំងអស់គ្នា» ជ័យជម្នះរបស់វិស័យអប់រំ គឺជាជ័យជំនៈសរុបដែលរាជរដ្ឋាភិបាល និងប្រជាជនទាំងមូលបានសម្រេចលើគ្រប់វិស័យ ដោយសារកត្តាចំណេះដឹង នៃធនធានមនុស្សនេះឯង។
លោក ប៉ែន កុសល្យ អភិបាលរងខេត្ត បានសំណូមពរដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ យកចិត្តទុយកដាក់បន្ថែមទៀត ទៅលើវិស័យអប់រំ ដោយរួមគ្នាផ្តល់កម្លាំងចិត្ត ក៏ដូចជាថវិការ និងសម្ភារក្នុងន័យលើកទឹកចិត្ត ដល់សិស្សានុសិស្សជំនាន់ក្រោយរៀនសូត្រឱ្យបានកាន់តែពូកែ មានចំណេះដឹង ជំនាញច្បាស់លាស់សមត្ថភាពពិតប្រាកដដើម្បីជាទុនក្នុងជីវិតខ្លួនផ្ទាល់ផង ពិសេសជាសសៃឈាមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានជំរុញ ដល់សិស្សានុសិស្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព របស់ខ្លួនទ្វេឡើងថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រឡងថ្នាក់ជាតិ ទូទាំងប្រទេសឱ្យបានទទួលជោគជ័យគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួម គោរពច្បាប់ចរាចរទាំងអស់គ្នា និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន។
លោក ប៉ែន កុសល្យ ក៏បានផ្តល់ថវិការ ជាមួយបណ្ណសរសើរជូនដល់សិស្សពូកែទូទាំងខេត្តចំនួន១៥នាក់ ដោយម្នាក់ៗ ទទួលបានបណ្ណសរសើរ និងថវិការ១០ម៉ឺនរៀល ចំណែកឯអាណាព្យាបាលសិស្ស និងលោកនាយកសាលា ទទួលបានថវិការម្នាក់ ៥ម៉ឺនរៀលផងដែរ៕