(ខេត្តប៉ៃលិន)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានបន្តរៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ដោយមានការសហការពេញលេញពីសំណាក់អាជ្ញាធរខេត្តទាំងបីនេះ ក្នុងគោលបំណងស្វែងយល់សុខទុក្ខតាមរយៈការពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តនីមួយៗ។
នៅក្នុងវេទិកាសន្ទនា ដាច់ដោយឡែកពីគ្នានៅខេត្តទាំងបីនេះ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងលោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងដោយមានការចូលរួមពីតំណាងតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តទាំងបីនេះ។
ដោយស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល វ.ស.ស. អាជ្ញាធរខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍ បានធ្វើការសន្ទនាពិគ្រោះយោបល់ត្រង់ទៅត្រង់មកជាមួយគ្នា ដោយបានលើកឡើង អំពីបញ្ហាប្រឈមជាក់ស្តែងដែលកើតមាន នៅក្នុងមូលដ្ឋាននៃខេត្តនីមួយៗ រួមទាំងសំណូមពរមួយចំនួនផងដែរ។
ជាលទ្ធផលបញ្ហាប្រឈម និងសំណូមពរជាក់ស្តែងមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយនៅក្នុងកិច្ចសន្ទនាដោយផ្ទាល់តែម្តង។ ចំពោះបញ្ហាប្រឈមនិងសំណូមពរមួយចំនួនទៀត អាជ្ញាធរខេត្តនិងភាគីពាក់ព័ន្ធ សន្យាថានឹងលើកយកទៅពិភាក្សាឱ្យបានល្អិតល្អន់ ដើម្បីស្វែងរកដំណោះស្រាយ។
អង្គវេទិកាសន្ទនាទាំងបីនេះ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានវេទិកាសន្ទនាបែបនេះ ដោយបានចូលរួមចំណែកក្នុងការចែករំលែកនូវទស្សនៈ និងបទពិសោធន៍រវាងគ្នាទៅវិញទៅមក សំដៅពង្រឹងភាពជាដៃគូជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល៕