(ភ្នំពេញ)៖ ផ្លូវជាតិលេខ៦ ពីប្រាសាទបាគង ទៅទីប្រជុំជនកំពង់ក្តី គឺរត់លើ​កំណាត់ផ្លូវបុរាណពីសម័យអង្គរ ហើយបើយោងតាមការស្រាវ​ជ្រាវរបស់​អ្នកបុរាណ​វិទ្យាបានឲ្យដឹងថា កំណាត់ផ្លូវនេះ មានស្ពានបុរាណសរុបចំនួន២១ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ស្ពានបុរាណចំនួន១០ បានខូចបាត់រូបរាងទៅហើយ នៅសល់តែស្ពានចំនួន១១ប៉ុណ្ណោះ ដែលអាចរក្សាបាន។

ការខូចខាតបាត់បង់នេះ ក៏ព្រោះតែកត្តាពេលវេលា ខ្វះខាតកិច្ចគាំពារនានា ក្នុង​អំឡុងពេលប្រទេសស្ថិតក្នុងស្ថានប្រទាញប្រទង់ ដោយសារសង្រ្គាមស៊ីវិលពីសម័យមុន។ ស្ពានដែលមាននៅសល់ទាំង១១នោះមានដូចជា៖ ស្ពានអូរចិញ្ជៀន ស្ពានតូច ស្ពានថ្មបាយក្រៀម ស្ពានថ្ម ស្ពានតាមាស ស្ពានភូមិអូរ ស្ពានថ្នាល់ដាច់ ស្ពានស្វាយ ស្ពានបឹងអំពិល ស្ពានខ្ពស់ និងស្ពានព្រះទិស។

កន្លងមកស្ពានបុរាណទាំង១១នេះ គឺមានការទ្រុឌទ្រោមយ៉ាងខ្លាំង ទើបតែនៅឆ្នាំ២០0៣ នៅពេលធ្វើការជួសជុលផ្លូវជាតិលេខ៦ឡើងវិញ អាជ្ញាធរជាតិអប្សរាបានក៏បានស្នើសុំឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនចិនដែលទទួលម៉ៅការធ្វើផ្លូវនោះឲ្យធ្វើ វាងស្ពានបុរាណ ដើម្បីថែរក្សា អភិរក្សស្ពានឲ្យបានគង់វង្ស តកូន តចៅ និងសម្រាប់បម្រើវិស័យទេសចរណ៍ផងដែរ។

ក្នុងន័យថែរក្សា និងលើកតម្លៃស្ពានបុរាណទាំងនោះ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានយកចិត្តដាក់ថែទាំ និងលើកកម្ពស់តម្លៃស្ពានបុរាណទាំងនោះដូចជា ស្ពានព្រះទិស ដោយដាក់ឱ្យមានភ្នាក់អភិរក្សចំនួន៤នាក់ បំពេញការងារជាអចិន្រ្តៃយ៍ បានកសាងរោងឆ្មាំ១ខ្នង បង្គន់អនាម័យ១ខ្នង មាន៤បន្ទប់ សម្រាប់បម្រើទេសចរ។ ដោយឡែកស្ពានបុរាណចំនួន១០ទៀត ក៏បានដាក់ស្លាកឈ្មោះស្ពានបុរាណនីមួយៗផងដែរ ដើម្បីឲ្យភ្ញៀវទេសចរបានស្គាល់ លើសពីនេះទៀតនោះថែមទាំងធ្វើការសម្អាតជារៀងរាល់ខែដូចជា ការកាប់ឆ្ការរុក្ខជាតិតូចធំ រើសសំរាមជុំវិញស្ពាន និងមើលថែស្ថានភាពស្ពានជាដើម៕